ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ស្របពេលសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយរដ្ឋាភិបាលកំពុងផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ សហរដ្ឋអាមេរិកបាននិងកំពុងសម្លឹងមើលឱកាសវិនិយោគវិស័យនេះនៅកម្ពុជា។
នៅក្នុងជំនួបជាមួយនឹងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១ មិថុនាកន្លងមកនេះ លោក Moses An មន្រ្តីទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា។
គោលដៅនៃជំនួបនេះ គោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនអាមេរិក នៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោក Moses An បានសំដែងចំណាប់អារម្មណ៍ លើការអភិវឌ្ឍវិស័យមួយចំនួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឱ្យកាន់តែមានការីកចម្រើនបន្ថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងទទួលអ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគផ្សេងទៀតពីបណ្តាប្រទេសដទៃទៀត ដែលចង់វិនិយោគនៅកម្ពុជា។ ការលើកឡើងបែបនេះ គឺតបនឹងការលើកឡើងថា កម្ពុជាទទួលតែវិនិយោគពីប្រទេសចិន។
សម្តេចធ្លាប់បានមានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន និង គម្រោងវិនិយោគវារីអគ្គិសនី វិនិយោគដោយជនជាតិចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាស្ថិរភាពផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា៕