ដោយៈសុខុម
វ៉ាស៊ីនតោន: រដ្ឋការប្រធានាធិបតីអាមេរិក លោកចូ បៃឌិនមានផែនការលក់ដ្រូន (យន្តហោះគ្មានមនុស្សបើក) ធុន MQ-1C Gray Eagle ចំនួន៤គ្រឿងឱ្យទៅអ៊ុយក្រែន ដោយដ្រូនទាំងនេះអាចបំពាក់អាវុធមីស៊ីលដ៏មានអានុភាព Hellfire សម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រឆាំងរុស្ស៊ី។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ថ្វីបើវាជាផែនការរបស់រដ្ឋាភិបាល ដែលបានស្ថិតក្រោមការពិនិត្យផ្ទៀងផ្ទាត់ ពីមន្ទីរបញ្ចកោណ (Pentagon) អស់រយៈពេលជាច្រើនសប្តាហ៍មកនេះយ៉ាងណាក្ដី ក៏ការលក់ដ្រូនបំពាក់មីស៊ីល ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក General Atomics នេះនៅតែមានឱកាសត្រូវរដ្ឋសភាច្រានចោល។
អ៊ុយក្រែន បាននិងកំពុងប្រើប្រាស់ដ្រូនជាច្រើនប្រភេទ ដែលបំពាក់មីស៊ីលបាញ់ ក្នុងរយៈចម្ងាយជិតប្រឆាំងកងកម្លាំងរុស្ស៊ី ដែលបានចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះ។ ដ្រូនបំពាក់សព្វាវុធទាំងនោះ រួមមាន ធុន AeroVironment ធុន RQ-20 Puma AE និងធុន Bayraktar-TB2 របស់តួកគី។
ទោះជាយ៉ាងណា ដ្រូន MQ-1C Gray Eagle តំណាងឱ្យការលោតផ្លោះនៃបច្ចេកវិទ្យា ដោយសារតែវាមានសមត្ថភាពហោះហើរ បានរហូតដល់ទៅ៣០ម៉ោងឡើងទៅ អាស្រ័យលើបេសកកម្មរបស់វា ហើយអាចប្រមូលទិន្នន័យបានយ៉ាងច្រើន សម្រាប់គោលបំណងស៊ើបការណ៍សម្ងាត់។
លើសពីនេះ ដ្រូន MQ-1C Gray Eagle ក៏មានសត្ថភាពអាចផ្ទុកមីស៊ីលដ៏មានអានុភាព Hellfire រហូតដល់ទៅ៨គ្រាប់ផងដែរ។
ការលក់ដ្រូននេះមានសារៈសំខាន់ណាស់។ មន្ត្រីអាមេរិក មួយរូបបានលើកឡើងថា រដ្ឋការរបស់ប្រធានាធិបតី ចូ បៃឌិន មានបំណងជូនដំណឹងដល់សភា អំពីផែនការលក់ដ្រូនបំពាក់សព្វាវុធនេះ ឱ្យទៅអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ដោយការប្រកាសជាសាធារណៈត្រូវគេរំពឹងថា នឹងធ្វើឡើងបន្ទាប់ពីនោះ៕ Reuters៕