ក្រុមហ៊ុនលំដាប់យក្សមកពីប្រទេសចំនួនបី សហការបង្កើតក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សរបស់ប្រទេសចិន បារាំង និងសិង្ហបុរី បានសហការចូលហ៊ុនគ្នា ក្នុងការបង្កើតក្រុមហ៊ុន និងទទួលសិទ្ធផ្តាច់មុខ ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់គ្រប់ជើងហោះហើរនៅអាកាសយានដ្ឋា​នអន្តរជាតិភ្នំពេញថ្មីតេជោក្រុងតាខ្មៅ។

ក្រុមហ៊ុនយក្សធំមួយនេះមានឈ្មោះថា “Phnom Penh Aviation Fuel Service Co., Ltd. (PPAFS)” ជាក្រុមហ៊ុនដាក់ទុនរួមគ្នា បែប Joint Venture រវាងក្រុមហ៊ុន SG HoldCo ក្រុមហ៊ុន China National Aviation Fuel International Holdings Limited (CNAF) ពីប្រទេសចិន ក្រុមហ៊ុន Total Eneries Marketing (Cambodia) Co., Ltd. (TOTAL) ពីប្រទេសបារាំង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន PTT OR Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ SG HoldCo នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈយន្តហោះមួយនេះ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដោយភាគហ៊ុននិកទាំងបី នឹងទំហំកាន់កាប់ភាគហ៊ុនស្មើៗគ្នាគឺ៣៣,៣៣ភាគរយ។

ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន Phnom Penh Aviation Fuel Service Co., Ltd. (PPAFS) បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) លើកិច្ចសន្យាសម្បទានទទួលសិទ្ធិ ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈផ្តាច់មុខគេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

ក្រុមហ៊ុន PTT OR បានបញ្ជាក់ថា ការវិនិយោគរួមគ្នានេះ ក្នុងគោលបំណងដើម្បីប្រកួតប្រជែង និងបង្កើនសមត្ថភាព នៃការផ្តល់សេវាផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្រៅប្រទេស និងរក្សានូវឱកាស និងសិទ្ធិលក់ប្រេងឥន្ធនៈយន្តហោះនៅកម្ពុជាផងដែរ។

ក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនPTT OR បានដាក់ទុនវិនិយោគ មិនលើសពី១៨,២លានដុល្លារអាមេរិក (ប្រហែល៦២០លានបាត)ដែលបានមកពីកម្ចី រួមជាមួយប្រាក់វិនិយោគ ពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនផ្ទាល់។

ស្របពេលនិន្នាការ នៃការប្រើប្រាស់រថយន្តអគ្គិសនី នាពេលអនាគត អាចនឹងធ្វើឱ្យប៉ះពាល់ដល់ អាជីវកម្មស្ថានីយប្រេង មិនថាច្រើន ឬតិច ការវិនិយោគរបស់ORលើកនេះ ត្រូវបានអ្នកវិភាគមើលឃើញថា គួរឱ្យចាប់អារម្មណ៍ណាស់។

ទោះជាយ៉ាងណាក្តី “យន្តហោះ” នៅតែជាយានជំនិះ ដែលត្រូវការប្រេងដោយជៀសមិនរួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here