ដោយ គង់ សូរិយា
ភ្នំពេញ៖ បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងវិស័យពន្ឋ និងអាករ ត្រូវបានដោះស្រាយបន្ទាប់ពីជំនួបរវាង ក្រុមវិនិយោគិនធំៗជាមួយថ្នាក់ដឹកនាំអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដាកាលពីថ្ងៃទី៣០ តុលាកន្លងមកនេះ។
ក្រុមវិនិយោគវិស័យឯកជន លដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំស្តីពី យន្តការនៃភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន។ ក្នុងកិច្ចប្រជុំនេះ ក្រុមវិស័យឯកជនបានលើកឡើងអំពីបញ្ហាប្រឈមនានាពាក់ព័ន្ឋនឹងពន្ធដារ។បញ្ហាប្រឈមនានាពាក់ព័ន្ឋនឹងពន្ធដារ។ ជាលទ្ធផលកិច្ចពិភាក្សា នឹងផ្តល់ជាដំណោះស្រាយ លើបញ្ហាប្រឈមពាក់ព័ន្ធ នឹងពន្ធដារចំនួន១១ករណី ព្រមទាំងបន្ថែមលើបញ្ហាប្រឈមនានា ដែលត្រូវបានដោះស្រាយនៅកម្រិតនៃយន្តការភាពជាដៃគូនេះ។
កិច្ចប្រជុំនេះ ក៏ធ្វើឡើងដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ និងការបង្កើននូវអនុលោមភាពពន្ធដោយស្ម័គ្រចិត្ត ដើម្បីជំរុញឱ្យការគ្រប់គ្រងប្រមូលចំណូលពន្ធកាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍប្រទេស។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានបញ្ជាក់ថា តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់ នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ ដោយអនុវត្តស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម២០១៤-២០១៨ ជាលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទឆ្នាំ ២០១៧នេះសម្រេចបាន១១៥.២ភាគរយនៃផែនការច្បាប់។
ដោយឡែកក្នុងឆ្នាំ២០១៨ បើគិតត្រឹមថ្ងៃទី២៦ ខែតុលានេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ និងអាករសរុបតាមប្រព័ន្ធអនឡាញ បាន៩៧,៤៤ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ2018។
ស្របពេលដែលការអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំនូល រយៈពេលមធ្យម ២០១៤-២០១៨ នឹងត្រូវបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ជាគោលដៅសម្រាប់ការអនុវត្តបន្ត សេចក្តីព្រាង នៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៩-២០២៣ ត្រូវបានរៀបចំ និងរង់ចាំការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានគោលបំណងសំខាន់ គឺធានាបាននូវចីរភាពកំណើនចំណូល ចីរភាពកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងដោយស្មើរភាព និងយុត្តិធម៌សង្គម។
លោកបន្តថា “តាមរយ:យុទ្ធសាស្ត្រនេះ នឹងមានការកែលម្អនូវគោលនយោបាយចាំបាច់មួយចំនួន ដើម្បីធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ ខណៈដែលគោលដៅនៃការប្រមូលចំណូលកំណត់ដោយច្បាប់ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ”៕