ជប៉ុនគ្រោងជួយរៀបចំអភិវឌ្ឍក្រុងបាត់ដំបងជាទីក្រុងឆ្លាតដោយប្រើប្រាស់បច្ចេកវិទ្យា VR

0

ដោយ៖ សុផារី

ខេត្តបាត់ដំបង៖ ទីប្រឹក្សាជប៉ុន បានពិភាក្សានឹងធ្វើការអភិវឌ្ឍក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ ក្នុង គោលបំណងកែប្រែទីក្រុងបាត់ដំបង ឱ្យក្លាយជាទីក្រុងឆ្លាត តាមរយៈការឱ្យមានបច្ចេកវិទ្យាទំនើបនៅតាមសាធារណៈ ដើម្បីលើកកម្ពស់ទីក្រុងបាត់ដំបងឱ្យកាន់តែទាក់ទាញជាងមុន។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយទីប្រឹក្សាជប៉ុន អំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

គម្រោងនេះ បានផ្ដោតទៅលើការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យប្រែក្លាយជាសារមន្ទីរឆ្លាតវៃ ដែលក្នុងនោះរួមមាន សិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ ដើម្បីធ្វើឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាសារមន្ទីរខេត្តកាន់តែច្រើន ជាមួយបច្ចេកវិទ្យាទំនើប លើកកម្ពស់វិស័យវប្បធម៌ និងមរតកក្នុងតំបន់ និងទទួលបាននូវបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យា VR ដែលរៀបចំឡើងនៅក្នុងសារមន្ទីរ។

លោក សុខ លូ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃនេះ លោកស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះគម្រោងការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ នឹងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសារមន្ទីរខេត្ត កាន់តែច្រើនឡើងៗ ដែលក្នុងនោះមិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តតែមួយប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់វិស័យវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ភ្ញៀវទេចរកាន់តែទូលំទូលាយ ជាមួយបទពិសោធន៍នូវបច្ចេកវិទ្យាថ្មី។

លោក សុខ លូ បានបន្តទៀតថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរឆ្លាតវៃទេ ក្នុងនោះពាក់ព័ន្ធនឹងការកែប្រែចំណតយានយន្ត ឱ្យក្លាយជាចំណតឆ្លាតវៃ ក៏ជាគំរោងមួយ ដែលមានសារសំខាន់ផងដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលកំពុងតែរៀបចំចំណតចតយានយន្ត។

លោក សុខ លូ បានស្នើដល់ភាគីនៃប្រទេសជប៉ុន ដើម្បីធ្វើការសិក្សាឱ្យច្បាស់លាស់ អំពីគម្រោងទីក្រុងឆ្លាតនេះ ដើម្បីកែប្រែខេត្តបាត់ដំបងឱ្យក្លាយជាខេត្តដែលឆ្លាតវៃ ទាក់ទាញភ្ញៀវទេសចរមកទស្សនាកំសាន្តកាន់តែច្រើនឡើងៗ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងបង្កើនមុខរបរប្រជាពលរដ្ឋ មានជីវភាពធូរធារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here