ដោយ រ៉ាវី
ភ្នំពេញ៖ ខណៈតម្លៃដីនៅក្នុងក្រុងភ្នំពេញ កំពុងហក់ឡើងខ្លាំងកាន់តែខ្លាំងសកម្មភាពពុះដីឡូត៍លក់បាន និងកំពុងបន្តរីករាលដាលកាន់តែខ្លាំង ទៅកាន់ខេត្តកណ្តាល ដែលជាខេត្តមួយមានទីតាំងជាប់នឹងព្រំប្រទល់រាជធានីភ្នំពេញ។
លោក ឃឹម វាសនា ប្រធានផ្នែកទីផ្សារនៃគម្រោងពុះដីឡូត៍លក់វឌ្ឍនៈដីឡូត៍អភិវ ឌ្ឍន៍មានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣១ តុលានេះថា ដោយសារតម្លៃដីនៅក្រុងភ្នំពេញកំពុងកើនឡើងខ្លាំងនេះហើយ ទើបក្រុមហ៊ុនរបស់លោកទិញដីពុះឡូត៌លក់ នៅតំបន់ជាយក្រុងវិញម្តង ដែលមានទីតាំងស្ថិតនៅភូមិព្រៃសំព័រ ឃុំជ្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្តាល។
-->
លោកថា ទោះជាទីតាំងដីមានចម្ងាយឆ្ងាយពីក្រុងបន្តិចមែន ប៉ុន្តែសកម្មភាពពុះដីឡូត៌លក់ កំពុងមានការគាំត្រខ្លាំងពីអតិថិជន «ដីឡូត៌ពុះថ្មីទំហុំជាង៤ហិកតា មិនទាន់បានមួយខែពេញផង ឥឡូវមានអតិថិជនមកក់លុយទិញទុក បានប្រមាណជាង៥០ភាគរយហើយ ដោយសារតម្លៃដីនៅធូថ្លៃអតិថិជន មានឱកាសរកប្រាក់ចំណេញបានទៅថ្ងៃមុខ»។
ជាមួយគ្នានេះលោក ភឿង ប៊ន ម្ចាស់គម្រោងដីឡូត៍ដែលបានពុះលក់ នៅក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលបានមានប្រសសាសន៍ថា គម្រោងដីឡូត៍លក់នៅទីនោះក៍មានអតិថិជនគាំទ្រច្រើនដែរ ដោយសារការពុះដីឡូត៌ទំហំជាងមួយហិកតា លក់ត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះ អតិថិជនមកទិញជិតអស់ទៅហើយ នៅសល់មួយចំនួនតូចដែលមានទីតាំងនៅចុងដីឡូត៍ អតិថិជនមិនសូវស្រលាញ់ ទើបនៅសល់៥ទៅ៦ឡូត៌ទៀតនោះ។
លោកបន្តថា បន្ទាប់ពីអតិថិជនគាំទ្រខ្លាំងដូច្នេះ លោកបានបន្តទៅពុះដីឡូត៌លក់នៅទីតាំងផ្សេងមួយទៀតនៅជិតផ្លូវ៤១ ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ហើយកំពុងត្រូវបានអតិថិជនកក់ទិញទុកជាបណ្តើរៗហើយ ខណៈដែលការចាក់ដីនិងស្ថាបនាផ្លូវបេតុងក្នុងដីឡូត៌ នៅសាងសង់មិនទាន់រួចរាល់ផងនោះ។
ចំណែកលោកសុទ្ឋ គឹមសឿន សហស្ថាបនិកគម្រោងពុះដីឡូត៍លក់ នៅខាងក្រោយផ្សារព្រៃទទឹង ក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើផ្ទៃដីជាង២០ហិកតា លក់ជិតអស់៥០ភាគរយហើយ បន្ទាប់ពីចាក់ដីលក់បានត្រឹមរយៈពេលជាង២ខែ។
លោកបន្តថា អ្វីដែលធ្វើឱ្យទីតាំងពីឡូត៌លក់ខាងលើ មានការគាំទ្រច្រើនពីអតិថិជន គឺដោយសារដីនៅមានតម្លៃទាប ទីតាំងមានសក្តានុពល នៅជិតមណ្ឌលសុខភាព សាលារៀន ផ្ទះប្រជាពលរដ្ឋ និងនៅជាប់ផ្សារព្រៃទទឹង ហើយពិសេសនោះគម្រោងនេះនៅជិតផ្លូវរថយន្តភ្លើងផ្លូវជាតិលេខ៣ និងមានគម្រោងរោងចក្រធំៗកំពុងសាងសង់ និងដំណើរការនៅទីនោះជាបណ្តើរហើយ៕