ដោយៈ លាងហួរ
ប្រទេសចិនៈ ការនាំចេញរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនដ៏លឿន ក្នុងខែឧសភាខុសពីការរំពឹងទុក ខណៈដែលការនាំចូលបានកើនឡើងជាលើកដំបូងក្នុងរយៈពេល៣ខែ ដោយសាររោងចក្រចាប់ផ្តើមផលិតកម្មឡើងវិញ។
ជាមួយគ្នានេះ ភាពរអាក់រអួលនៃការដឹកជញ្ជូន បានធូរស្រាលបន្ទាប់ពីអាជ្ញាធរបានបន្ធូរបន្ថយ ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងទីក្រុងសៀងហៃ។
ប្រទេសចិនចាប់ផ្តើមមានភាពប្រក្រតីឡើងវិញ ក្នុងផ្នែកផ្គត់ផ្គង់ ដែលបានអង្រួនទីផ្សារពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យពាណិជ្ជកម្មរបស់ប្រទេសចិនប្រឈមមុខ នឹងហានិភ័យពីកត្តាមួយចំនួន ដូចជា ថ្លៃដើមខ្ពស់ និងភាពមិនច្បាស់លាស់ ពីរយៈពេលដែលសង្គ្រាមនៅអ៊ុយក្រែន នឹងត្រូវអូសបន្លាយ។
ការនាំចេញរបស់ប្រទេសចិន ទៅក្រៅប្រទេសក្នុងខែឧសភាបានកើនឡើង១៦.៩ភាគរយធៀបនឹងឆ្នាំមុន ដែលជាកំណើនលឿនបំផុតចាប់តាំងពីខែមករាឆ្នាំ២០២២នេះ ហើយលើសពីការរំពឹងទុករបស់អ្នកវិភាគពីរដង។
សេដ្ឋកិច្ចប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែមេសា ខណៈដែលប្រទេសនេះ បានជួបនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០២០មក ដែលវិធានការបិទទីក្រុងធំៗដ៍៏តឹងរ៉ឹង ជួនកាលមានការអនុវត្តន៍ហួសហេតុ ដោយមន្ត្រីក្នុងតំបន់បានបិទផ្លូវហាយវេ និងកំពង់ផែ ជាប់គាំងកម្មករ និងបិទរោងចក្រ។
ខណៈដែលពេលនេះ ក្រុមប្រឹក្សារដ្ឋបានអំពាវនាវឱ្យមន្ត្រីមូលដ្ឋានស្តារខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ស្តារកំណើនសេដ្ឋកិច្ច និងគ្រប់គ្រងអត្រាភាពអត់ការងារធ្វើឡើងវិញ។ ក្រុមហ៊ុនផលិតរថយន្តធំៗ អាចបង្កើនផលិតកម្មរបស់ខ្លួនក្នុងខែឧសភា ហើយការដឹកជញ្ជូនទំនិញនៅកំពង់ផែ និងអាកាសយានដ្ឋានកំពុងវិលមកកាន់ភាពប្រក្រតីវិញ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបើករោងចក្ររបស់ខ្លួនឡើងវិញ នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី១៩ខែមេសា បន្ទាប់ពីក្រុមហ៊ុននេះបានបិទផ្អាករយៈពេល២២ថ្ងៃ៕