ដោយៈ សុខុម
អាមេរិក: ទិន្នន័យបង្ហាញថាមហាយក្សចិន មានឱកាសវ៉ាដាច់ប៉ាត់សហរដ្ឋអាមេរិក ផ្នែកពាណិជ្ជកម្មនៅតំបន់អាមេរិកឡាទីន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន ចូលកាន់តំណែងកាលពីដើមឆ្នាំ២០២១។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ ខែមិថុនា។
ការវិភាគផ្តាច់មុខរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទៅលើទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ (UN) ពីឆ្នាំ២០១៥-២០២១ បង្ហាញថា មហាយក្សចិន បានវ៉ាដាច់សហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន ហើយបានពង្រីកគម្លាតពាណិជ្ជកម្មនេះ កាន់តែធំឡើងៗកាលពីឆ្នាំមុន លើកលែងតែនៅប្រទេសម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក។
គម្លាតពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងប្រទេសផ្សេងៗទៀតនៃតំបន់នេះ ដែលបានបើកចំហជាលើកដំបូង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ បានរីកកាន់តែធំចាប់តាំងពីលោក ចូ បៃឌិន ចូលកាន់តំណែងកនៅខែមករា ដើមឆ្នាំ២០២១ ថ្វីបើមានការសន្យាថា នឹងស្តារតួនាទីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងនាមជាមហាអំណាចទី១ របស់ពិភពលោក ហើយនឹងផ្ដោតយកចិត្តទុកដាក់លើតំបន់អាមេរិកឡាទីនឡើងវិញ បន្ទាប់ពីលោកទទួលស្គាល់ថា សហរដ្ឋអាមេរិក បានព្រងើយកន្តើយចំពោះតំបន់នេះជាច្រើនឆ្នាំមកហើយក្ដី។
ក្រុមមន្ត្រីអាមេរិក ទាំងបច្ចុប្បន្ន និងអតីតបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក មានភាពយឺតយ៉ាវក្នុងការចាត់វិធានការជាក់ស្ដែង និងម៉ឺងម៉ាត់ ហើយថាប្រទេសចិន ដែលជាអ្នកទិញទំនិញគ្រាប់ធញ្ញជាតិ និងលោហធាតុដ៏ធំក្នុងពិភពលោក បានផ្តល់អត្ថប្រយោជន៍ដល់តំបន់នេះច្រើន ជាងអ្វីដែលសហរដ្ឋអាមេរិក ផ្ដល់ឱ្យទាក់ទិនពាណិជ្ជកម្ម និងការវិនិយោគ។
ផ្អែកតាមទិន្នន័យចុងក្រោយបង្ហាញថា លើកលែងប្រទេសម៉ិកស៊ិក មួយចេញ រំហូរពាណិជ្ជកម្មសរុប (ការនាំចូលនាំចេញ) រវាងតំបន់អាមេរិកឡាទីន និងប្រទេសចិន បានកើនឡើងរហូតដល់ជិត២៤៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ បើធៀបនឹង១៧៤ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិក។
ទន្ទឹមនេះ រំហូរពាណិជ្ជកម្មរបស់ប្រទេសម៉ិកស៊ិក ជាមួយសហរដ្ឋអាមេរិក មានចំនួន៦០៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ បើធៀបនឹង៤៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ខណៈពាណិជ្ជកម្មរបស់ម៉ិកស៊ិក ជាមួយប្រទេសចិន មានចំនួន១១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ បើធៀបនឹង៧៥ពាន់លានដុល្លារកាលពី៦ឆ្នាំមុន។
ទាក់ទិនគម្លាតពាណិជ្ជកម្មនេះ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺនោះទេ៕ Reuters៕