ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលនឹងកំនើននៃការវិនិយោគរបស់ចិនបានកើនឡើង បានធ្វើឲ្យតម្លៃជួលអចលនទ្រព្យលំនៅដ្ឋាន ការិយាល័យកើនឡើងយ៉ាងគំហុក នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកវិនិយោគគំរោងបុរីលំនៅដ្ឋានមួយរូប នៅក្រុងប៉ោយប៉ែត លោក សុខ ហ៊ាង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៣១ តុលាកន្លងមកថា តម្លៃជួលលំនៅដ្ឋាន និងអាគារការិយាល័យបានកើនឡើងខ្ពស់នៅឆ្នាំនេះ ដោយផ្ទះល្វែងកាលពីមុនអាចជួលបាន១៥០ដុល្លារ បច្ចុប្បន្នតម្លៃជួលបានកើនឡើងដល់ចន្លោះពី៧០០ ទៅ៨០០ដុល្លារអាមេរិក ក្នុងមួយខែ។លោកបន្តថា ចំណែកអាគារការិយាល័យសម្រាប់ជួល បាននិងកំពុងខ្វះខាតយ៉ាងច្រើនផងដែរ ដោយសារកំនើននៃការវិនិយោគរបស់អ្នកវិនិយោគចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ីជាដើម។
-->

លោកបន្តថា “បច្ចុប្បន្នអាគារការិយាល័យ ដែលវិនិយោគដោយក្រុមហ៊ុនវឌ្ឍនៈ កំពស់១២ជាន់បាននិងកំពុងសាងសង់ ប៉ុន្តែទោះជាបញ្ចប់ការសាងសង់ក្តី ក៏ការផ្គត់ផ្គង់មិនឆ្លើយតបនឹងតម្រូវការនោះដែរ។លោកបន្តថា “បន្ទប់សណ្ឋាគារ និងផ្ទះសម្រាប់ជួលក៏កំពុងមានការខ្វះខាតជាប្រចាំផងដែរ។
លើសពីនេះក្រុង ដែលមានការរីកចម្រើនយ៉ាងលឿននេះ ក៏បាននិងកំពុងខ្វអខាតធនធានមនុស្សយ៉ាងខ្លាំង និងខ្វះគ្រប់ផ្នែក រាប់ទាំងបុគ្គលិកធម្មតា ទាំងគណនេយ្យ អ្នកគ្រប់គ្រង កម្មករធ្វើការងារក្នុងវិស័យសំណង់ជាដើម។ ឆ្លើយតបកង្វះខាតនេះ បានធ្វើឲ្យតម្លៃកំលាំងពលកម្មបានកើនឡើងយ៉ាងគំហុក។
លោក សុខ ហ៊ាង បានបន្តថា ដោយសារមានការរីកចម្រើននិងកំនើននៃការវិនិយោគ បច្ចុប្បន្នក្រុងប៉ោយប៉ែត កំពុងមានអាគារខ្ពស់ថ្មីៗជាច្រើន ដោយអាគារចាប់ពីកំពស់៥ដល់ជាង២០ជាន់មានប្រមាណ៦០អាគារហើយ ក្នុងនោះអាគារកំពស់១០ជាន់មាន៦អាគារ និងអាគារកំពស់២០ជាន់មានចំនួន៦អាគារ និងមានបុរីលំនៅដ្ឋានកំពុងសាងសង់ចំនួន១០គំរោង។

លោកសាន ស៊ាងហូអភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា ក្រុងប៉ោយប៉ែតពិតជាមានការរីកចម្រើនលឿន ដោយសារកំនើននៃការវិនិយោគចិន ដែលធ្វើឲ្យមានការខ្វះខាតអាគារសម្រាប់ជួល និងស្នាក់នៅជាប្រចាំ ប៉ុន្តែការវិនិយោគបានចាប់ផ្តើមដោយចាប់ពីឆ្នាំ២០១៩ខាងមុខទៅ ក្រុងប៉ោយប៉ែតនឹងមានអាគារកំពស់ចាប់ពី២០ទៅ៣០ជាន់ហើយ។
លោកបន្តថា “ជាមួយនឹងកំនើននៃការវិនិយោគ បានធ្វើឲ្យទីក្រុងនេះមានភាពរីកចម្រើន និងធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងយ៉ាងខ្លាំងផងដែរ”៕