ដោយ សុខុម
ប៉េកាំងៈ បណ្ដាធនាគារនៅក្នុងប្រទេសចិន សម្រុកបញ្ចេញឥណទានថ្មីៗបានរហូតដល់ទៅ១,៨៩ទ្រីលានយ័ន (២៨២,៦២ពាន់លានដុល្លារ) ក្នុងខែឧសភា ឆ្នាំ២០២២ ដែលលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១០ ខែមិថុនា។
ការបញ្ចេញឥណទានសម្រាប់ខែឧសភា នេះបានកើនឡើងខ្លាំងធៀបនឹងខែមេសា ខណៈក្រុមអ្នកបង្កើតគោលនយោបាយព្យាយាមដាក់ចេញវិធានការនានា ដើម្បីស្ដារសេដ្ឋកិច្ចដែលបានដាំក្បាលចុះខ្លាំងដោយសារវិត្តិកូវីដ-១៩។
ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើការស្ទង់មតិអ្នកវិភាគជាច្រើនរូប ហើយអ្នកវិភាគទាំងនេះបានព្យាករថា ឥណទានជាប្រាក់យ័ន ថ្មីៗនឹងកើនឡើងដល់១,៣ទ្រីលានយ័ន (១៩៣,៨ពាន់លានដុល្លារ) ក្នុងខែឧសភា ធៀបនឹង៦៤៥,៤ពាន់លានយ័ន (៩៦,៣ពាន់លានដុល្លារ) ក្នុងខែមេសា ឬ ធៀបនឹង១,៥ទ្រីលានយ័ន (២២៣,៦៧ពាន់លានដុល្លារ) កាលពីឆ្នាំ២០២១។
យោងតាមទិន្នន័យបង្ហាញថា ឥណទានជាប្រាក់យ័ន ដែលមិនទាន់ទូទាត់សងបានកើនឡើង១១,០%ក្នុងខែឧសភា ពីឆ្នាំ២០២១ បើធៀបនឹងកំណើន១០,៩%ក្នុងខែមេសា។ ក្រុមអ្នកវិភាគបានរំពឹងទុកថា វានឹងកើនឡើង១០,៧%។
ដូចនេះ វាបង្ហាញឱ្យឃើញថា តួលេខកំណើនឥណទានពិតប្រាកដ និងតួលេខព្យាករដោយក្រុមអ្នកវិភាគគឺខុសគ្នាឆ្ងាយ៕