ដោយ ស៊ីវ ម៉េង
ភ្នំពេញ: ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានថ្លែងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧,១ភាគរយនៅឆ្នាំ២០១៩ ដែលកំនើននេះមានភាពប្រហាក់ប្រហែលនឹងឆ្នាំនេះ។
លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ក្នុងជំនួបពិភាក្សាការងារជាមួយលោក Phillippe BAUDRY ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជាកាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨កន្លងមកថា កំលាំងចលករដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា សំរាប់វិស័យឧស្សហកម្ម នៅបន្តរក្សាភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់១០ភាគរយ ដែលមានជាអាទិ៍សំខាន់ៗដូចជា វិស័យសំណង់ វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ទាំងសម្រាប់ការនាំចេញ និងបម្រើក្នុងស្រុកជាដើម។
-->

ចំណែកវិស័យសេវាកម្ម នៅបន្តកំណើនក្នុងអត្រា៧ភាគរយ និងវិស័យកសិកម្ម ដែលអាចសម្រេចបានកំណើនក្នុងរង្វង់១,៨ភាគរយផងដែរ។
ផ្អែកតាមសូចនាករម៉ាក្រូសេដ្ឋកិច្ច កម្ពុជានៅតែអាចបន្ត សម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ ទៅ៧,២ភាគរយ ក្នុងមួយឆ្នាំនៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។

ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក Phillippe BAUDRY បានមានប្រសាសន៍ថា បារាំងនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់គោលនយោបាយ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានសន្យាថា នឹងប្រឹងប្រែងចែករំលែកនូវបទពិសោធន៍នានាពីឆាកអន្តរជាតិ។ បន្តការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បីជួយជំរុញដល់ការអភិវឌ្ឍ និងវិនិយោគទាំងលើវិស័យសាធារណៈ ក៏ដូចជា វិស័យឯកជននៅកម្ពុជាឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕