សម្តេចតេជោថ្លែងពីបញ្ហាការបោះឆ្នោតឃុំសង្កាត់ បញ្ហាសេដ្ឋកិច្ច និង​ការតំឡើងប្រាក់ខែជូនមន្ត្រីរាជការ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានថ្លែងពីបញ្ហាសំខាន់ៗចំនួនបី រួមមាន បញ្ហាការបោះឆ្នោតឃុំសង្កាត់ បញ្ហាសេដ្ឋកិច្ចដែលកំពុងមានការថមថយ និងការតំឡើងប្រាក់ខែជូនមន្ត្រីរាជការ ក្រោយខនខានអស់រយៈពេល២ឆ្នាំកន្លងមក។

ថ្លែងនៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ សម្តេចតេជោ មានប្រសាសន៍ថា សុំកុំឱ្យការបោះឆ្នោតមួយ ទៅជារឿងបែកបាក់ជាតិ ការបោះឆ្នោតចប់ហើយ ហើយនាំគ្នាទៅធ្វើស្រែចំការ។

សម្តេចមានប្រសាសន៍ថា “សុំកុំឱ្យការបោះឆ្នោតមួយទៅជារឿងបែកបាក់ជាតិ នាំគ្នាទៅចំការស្រែ ទៅដល់ពេលធ្វើស្រែចំការទៅ កុំលេងធន់បាត់ត្រា ឬទួលកៅអីទៅដាក់នៅតាមផ្ទះ កុំលេងបែបហ្នឹង យើងចាស់ទុំ ហើយសម្រាប់ការបោះឆ្នោតនៅកម្ពុជា”។

សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់។

សម្ដេចតេជោ បានថ្លែងបន្តថា “ចំណុចនេះ វាបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនបានបោះឆ្នោតជ្រើសរើស យកសន្តិភាព និងការអភិវឌ្ឍហើយ ព្រោះនយោបាយរបស់គណបក្សប្រជាជន ពេលណា ក៏ដូចជាពេលណា គឺសន្តិភាព និងការអភិវឌ្ឍ”។

ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច សម្តេចបានលើកឡើងថា ការថមថយសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំនេះ ដោយសារតែឥទ្ធិពលនៃកូវីឌ១៩ និងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

យ៉ាងណាក្តី សម្តេចតេជោ បានអះអាងថា សេដ្ឋកិច្ចកម្ពុជាមិនទាន់ឈានដល់កម្រិតដួលរលំ ឬឈានដល់ហានិភ័យនៃការដួលរលំនោះទេ ពីព្រោះថា នៅរយៈពេល៣ខែនៃដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញប្រមាណ៣៣ភាគរយឯណោះ។

សម្តេចបានថ្លែងថា “យើងត្រូវទទួលយកនូវការពិតមួយស្តីអំពីបញ្ហាសេដ្ឋកិច្ចថមថយ ផ្តើមចេញពីកូវីដផង និងសង្គ្រាមនៅអ៊ុយក្រែនផង យើងត្រូវរួមគ្នាខិតខំរក្សាស្ថេរភាពម៉ាក្រូសេដកិច្ចឱ្យបានល្អ ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល”។

សម្តេច ហ៊ុន សែន ក៏បានប្រកាសផងដែរថា នឹងមានការតម្លើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការនៅឆ្នាំក្រោយ បន្ទាប់ពីបន្ទាប់ពីខកខាន ០២ឆ្នាំកន្លងមក។

​            ក្នុងនោះ គ្រូបង្រៀន និងគ្រូពេទ្យកម្ពុជា នឹងត្រូវដំឡើងប្រាក់បៀវត្សឲ្យបានដល់១លាន៥សែនរៀលដូចគ្នានៅក្នុងនៅក្នុងឆ្នាំ២០២២នេះ។ ចំណែក មន្រ្តីរាជការផ្សេងទៀត នឹងដំឡើងដល់១លាន៤សែនរៀល។ បើតាមសម្តេចនាយករដ្ឋមន្រ្តី គឺការដំឡើងប្រាក់បៀវត្សនៅក្នុងឆ្នាំនេះ គឺធ្វើតាមរបៀប មិនមែនឡើងតាមភាគរយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here