រដ្ឋាភិបាលវិភាជន៍ថវិកាជិត១ពាន់លានដុល្លារអាមេរិកបន្ថែមសម្រាប់បន្តអនុវត្តន៍វិធានការអន្តរាគមន៍ក្នុងឆ្នាំនេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញ ឆ្នាំ២០២២នេះ រដ្ឋាភិបាលបាននិងកំពុងវិភាជន៍ថវិកាបន្ថែម៩៨៩លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍លើការប្រយុទ្ឋជំងឺកូវីដ និងការស្តារសេដ្ឋកិច្ច។

យោងតាមក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដែលបានចេញផ្សាយនៅពេលថ្មីៗនេះឱ្យដឹងថា ជ័យជំនះលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  គឹជាផ្លែផ្កានៃការដាក់ចេញនូវវិធានការឆ្លើយតបភ្លាមៗ និងបានទាន់ពេលវេលា ដោយរាជរដ្ឋាភិបាល រួមមានវិធានការអន្តរាគមន៍សង្គម សេដ្ឋកិច្ចចំនួន១០ជុំ សំដៅដោះស្រាយបញ្ហាចំពោះមុខ គាំទ្រសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការគាំពារអាយុជីវិត និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញកំណើន និងបង្កើនភាពធន់សេដ្ឋកិច្ច សង្គម។

ដើម្បីគាំទ្រដល់ការអនុវត្ត វិធានការអន្តរាគមន៍ទាំងនេះ រាជរដ្ឋាភិបាលក៏បានធ្វើវិចារណកម្មថវិកា និងអាទិភាវូនីយកម្ម មុខសញ្ញាចំណាយជាប្រចាំ សំដៅតម្រង់ទិសធនធានឱ្យកាន់តែចំគោលដៅ និងបានអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងបរិការណ៍នៃការថមថយចំណូល ជារួម ដើម្បីធានាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ ។

ក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចនេះឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ស្របទៅនឹងនិន្នាការសកល សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តឈានទៅរកវិថីកំណើនឡើងវិញ ដោយសារការសម្រេចបាន នូវភាពស៊ាំសហគមន៍ ក៏ដូចជាសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី របស់ប្រជាជនទូទៅ ក៏ដូចជាអាជីវកម្ម បើទោះបីជាប្រឈមនឹងហានិភ័យមួយចំនួនក៏ដោយ ។

ចន្ទល់សេដ្ឋកិច្ច ស្ទើរគ្រប់វិស័យត្រូវបានរំពឹងថា នឹងមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយសារនិន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចសកល និងគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ប៉ុន្តែកម្ពុជាដែលជាប្រ​ទេសមានសេដ្ឋកិច្ចបើកចំហខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំងជាមួយនិន្នាការសេដ្ឋកិច្ចពីតំបន់និងសកល ក៏នៅជួបប្រទះនឹងហានិភ័យ និងភាពមិនប្រា​កដប្រជាមួយចំនួន គួបផ្សំនឹងបញ្ហាប្រឈមកាន់តែស្មុគស្មាញ ជាងមុន ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលនេះ បានធូរស្រាលវិញក្ដី តែកម្ពុជានៅតែបន្តយកចិត្តទុកដាក់ ក្នុងការត្រៀមខ្លួនក្នុងការទប់ស្កាត់ ពីការរាលដាលនៃជំងឺនេះ មិនឱ្យកើតមានឡើងជាថ្មីទៀតដែរ ដោយរដ្ឋាភិបាលបានជំរុញ ឱ្យពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here