អ្នកវិនិយោគចិនកាន់តែច្រើនឈានជើងមកកម្ពុជាដោយផ្តោតលើការ វិនិយោគផ្នែកវិស័យកសិកម្ម

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រភពគួរឲ្យទុកចិត្ត បានបង្ហើបឲ្យដឹងថា អ្នកវិនិយោគចិនជាច្រើនបាននិងកំពុងចូលមកកម្ពុជា ដើម្បីវិនិយោគលើវិស័យកសិកម្ម ដើម្បីផលិតនិងនាំចេញទៅកាន់ប្រទេសចិន។

លោកឡេង ជាម ដែលជាអ្នកវិនិយោគធំមួយរូបបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៣ មិថុនាថា ក្នុងរយៈពេលមួយខែកន្លងមកនេះ និងគិតត្រឹមពាក់កណ្តាលខែមិថុនា លោកបានជួបជាមួយអ្នកវិនិយោគចិនប្រមាណ៣០នាក់ ដែលពូកគេបានពិភាក្សា និងស្វែងរកដីដាំដំណាំកសិកម្ម សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

លោកបន្តថា “ពួកគេបាននិងកំពុងស្វែងរកដី តម្លៃថោកៗជាច្រើនរយ ពាន់ហិកតា ដើម្បីដាំដំណាំកសិកម្ម ព្រោះដីនៅកម្ពុជាមានជីជាតិ និងផ្តល់ទិន្នផលខ្ពស់”។លោកបន្តថា “អ្នកវិនិយោគចូលមកភាគច្រើន មានទាំងចាស់ និងថ្មី ហើយពួកគេកំពុងចាប់យកឱកាសនៅកម្ពុជា”។

លោកឡេង ជាមបានបន្តថា ប្រសិនជាអ្វីៗកាន់តែប្រសើរឡើង ទាំងសេដ្ឋកិច្ច និងបញ្ហានិតិវិធីមានភាពងាយស្រួល លើការវិនិយោគ អ្នកធុរកិច្ចចិននឹងមកកម្ពុជាកាន់តែច្រើន ហើយសេដ្ឋកិច្ចកម្ពុជា នឹងកាន់តែប្រសើរឡើ​ងមួយកម្រិតទៀត។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កម្ពុជានឹងដើរតួនាទីជាមូលដ្ឋានផលិត ដើម្បីនាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត ដោយសារការចូលជាធរមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូតំបន់គ្រប់ជ្រុងជ្រោយ។

លោកបន្តថា “កម្ពុជាបាននិងកំពុងទាក់ទាញ អ្នកវិនិយោគចិនកាន់តែច្រើន ហើយអ្នកវិនិយោគមកពីប្រទេសដទៃទៀត នឹងចូលមកកម្ពុជាដើម្បីផលិតនិងដាំចេញ ដោយរួចពន្ឋទៅកាន់ប្រទេសចិន និងបណ្តាប្រទេសជាសមាជិកRCEPនានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here