ដោយ: លាងហួរ
ប្រទេសចិន: ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលទៅក្នុងចិនបានកើនឡើងដល់៥៦៤,២ពាន់លានយ័ន ឬស្នើនឹង៨៧,៧៧ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើន១៧,៣ភាគរយក្នុងរយៈពេល៥ខែឆ្នាំនេះ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ឧស្សាហកម្មសេវាកម្មទទួលបានលំហូរ(FDI) កើនឡើង១០,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់៤២៣,៣ពាន់លានយ័ន ខណៈដែលឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង៤២.៧ភាគរយធៀបនឹងឆ្នាំ២០២១។
ជាពិសេសលំហូរ(FDI) នៅក្នុងការផលិតកម្មបច្ចេកវិទ្យាជាន់ខ្ពស់បានកើនឡើង៣២,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈដែលវិស័យសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង៤៥,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានកើនឡើង៥២,៨ភាគរយ និង២៧,១ ភាគរយ និង២១.៤ភាគរយរៀងគ្នា។
ក្នុងអំឡុងខែមករា ដល់ខែឧសភា ការវិនិយោគផ្ទាល់ពីបរទេស ដែលហូរចូលទៅក្នុងតំបន់កណ្តាល របស់ប្រទេសចិនបានមានការកើនឡើងយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺ៣៥,៦ភាគរយ បន្ទាប់មកដល់១៧,៩ភាគរយ នៅតំបន់ភាគខាងលិច និង១៦,១ភាគរយនៅតំបន់ភាគខាងកើតនៃប្រទេសចិន៕