ដោយ៖ សុផារី
ភ្នំពេញ៖ ជាមួយនឹងវឌ្ឍនភាពជាវិជ្ជមានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងអត្រាការចាក់វ៉ាក់សាំង សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថានឹងមានកំណើនឡើងវិញក្នុងចន្លោះ៥,៦% ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹម៦,៥% ក្នុងឆ្នាំ២០២៣។
យ៉ាងណាក្តី ស្របពេលសេដ្ឋកិច្ចកំពុងងើបឡើងវិញបណ្តើរៗពីវិបត្តិជំងឺ បញ្ហាសេដ្ឋកិច្ចសកលមួយទៀតបាននិងកំពុងទាញទម្លាក់កំណើនការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
តើសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំនេះអាចសម្រេចបានតាមការព្យាករណ៍ដែរឬទេ?
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី១៣ ខែមិថុនានេះថា ទោះបីជាជួបនូវវិបត្តិកូវីដ១៩ជាង២ឆ្នាំ និងការចូលមកនៃសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនក្តី ក៏ស្ថានភាពសេដ្ឋកិច្ចកម្ពុជា មិនមានហានិភ័យនៃការដួលរលំនោះទេ ការនាំចេញរបស់កម្ពុជានៅដើមឆ្នាំ២០២២នេះ មានកំណើនគួរឲ្យគត់សម្គាល់។
សម្តេចតេជោបានថ្លែងថា “យើងត្រូវត្រៀមខ្លួនទទួលយកនូវការពិតមួយ គឺការថមថយនៃសេដ្ឋកិច្ច ដែលផ្តើមចេញពីវិបត្តិកូវីដ១៩ផង និងសង្គ្រោមនៅអ៊ុយក្រែនផង។ រឿងនេះដែលយើងទាំងអស់គ្នាត្រូវខិតខំ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អ ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល។ សេដ្ឋកិច្ចរបស់យើងទើបនឹងរើបៗ បន្ទាប់ពីកូវីដ១៩ ប៉ុន្តែមិននឹកស្មានដល់សោះថាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានចាប់ផ្តើមដាក់បន្ទុកទៅលើប្រទេសនានា លើពិភពលោក”។
សម្តេចតេជោក៏ព្រមានពីការថមថយចុះនៃសេដ្ឋកិច្ចសាកល រួមទាំងប្រទេសកម្ពុជាផងដែរ ហើយនៅពេលខាងមុខវិបត្តិស្បៀងអាហារ ក៏នឹងក្លាយជាវិបត្តិសាកល ដោយសម្តេចបានជំរុញគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អ ទប់ស្កាត់អតិផរណា និងត្រូវរក្សាឲ្យបាននូវកម្លាំងទិញនៃប្រាក់រៀលជាតិ ដើម្បីទប់ស្កាត់នឹងវិបត្តិសេដ្ឋកិច្ចសាកល ដែលកើតចេញពីវិបត្តិកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុងកម្រិតដូចដែលបានព្យាករណ៍ទុក ប៉ុន្តែមិនអាចឈានលើសពីនេះបានទេ ក្នុងឆ្នាំនេះ។
លោកបណ្ឌិតលើកឡើងថា ដោយយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីការវិនិយោគថ្មីៗ ជាច្រើនក្នុងពេលថ្មីៗនេះ និងក្រសួងពាណិជ្ជកម្មស្តីពីកំណើននៃទំហំពាណិជ្ជកម្មរបស់កម្ពុជា និងបណ្តាប្រទេសជាមិត្ត ក្នុងក្របខណ្ឌទ្វេភាគី ក្របខ័ណ្ឌ RCEP ក្របខ័ណ្ឌច្បាប់វិនិយោគថ្មី ក្របខ័ណ្ឌ FTA ដែលបានចុះកិច្ចព្រមព្រៀងរួមរាល់ហើយក្តី យើងឃើញថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើនឡើងវិញហើយ។
លោកបណ្ឌិតមានប្រសាសន៍ថា “វិស័យទេសចរណ៍កម្ពុជា ក៏កម្រើកឡើងវិញ វិស័យអចលនទ្រព្យនៅតាមតំបន់សំខាន់ៗ ក៏មានការកម្រើកឡើងវិញ ខ្ញុំគិតថា សេដ្ឋកិច្ចកម្ពុជានឹងអាចរក្សាបាន និងអាចសម្រេចបានក្នុងទំហំប៉ុណ្ណឹង”។
យ៉ាងណាក្តី លោកបណ្ឌិតថា កំណើននេះមិនអាចកើនឡើងខ្ពស់លើសនេះបាន ដោយសារសង្គ្រាមរវាងរុស្ស៊ី អ៊ុយក្រែនបានធ្វើឱ្យរងគ្រោះលើវិស័យទេសចរណ៍ ព្រោះវិស័យសំខាន់មួយនេះបានធ្លាក់ចុះ ហើយមានការកម្រើកតែទេសចរណ៍ក្នុងស្រុក។
លោកបន្តថា “វិស័យទេសចរណ៍ក្រៅស្រុកមានបញ្ហាខ្លះ ដោយសារយើងទទួលឥទ្ធិពលពីសង្គ្រាមរុស្ស៊ី អ៊ុយក្រែន និងបញ្ហាថាមពលឡើងថ្លៃ ដូច្នេះប្រជាជននៅអឺរ៉ុបមិនសូវធ្វើដំណើរកំសាន្ត ឬសម្រេចចិត្តវិនិយោគទេ ដោយសារវិបត្តិផ្ទាល់ខ្លួនដែរ។ បញ្ហាទាំងនេះ ធ្វើឱ្យដំណើរកំសាន្តទេសចរណ៍បរទេសមានការថយចុះ”។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា ការព្យាករណ៍រំពឹងថា អាចសម្រេចបានតាមការរំពឹងទុក យ៉ាងណាក្តី កម្ពុជានៅប្រឈមនឹងបញ្ហាមួយចំនួនទៀត។
លោកឧកញ៉ា បន្ថែមថា “អ្វីដែលជាការរំពឹងទុកអាចទទួលបានផល ៧០ ៨០ ភាគរយ ក៏ប៉ុន្តែមិនមានហានិភ័យដល់៥០ភាគរយទេ ព្រោះកម្ពុជាប៉ះដោយប្រយោល។ ទី២ ទីផ្សារប្រភេទចិន ដែលជាទីផ្សារធំបំផុតមួយរបស់ប្រទេសកម្ពុជា និងជាគោលដៅជំរុញទេសចរណ៍ធំមួយក្នុងពិភពលោក។ បញ្ហានៃប្រទេសចិន ក៏ជាឬសកែវមួយ ដែលប៉ះពាល់ដល់តំបន់ និងសកលលោកផងដែរ”។
លោកឧកញ៉ាបន្ថែមថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ក៏បានជះឥទ្ធិពលមួយផ្នែកដល់ប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។
ធនាគារពិភពលោកទើបចេញផ្សាយរបាយការណ៍ព្យាករសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជាថា នៅឆ្នាំ២០២២នេះនឹងមានកំណើន៤,៥% និងឆ្នាំ២០២៣ កើនត្រឹម៥,៨% ខណៈរាជរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចនឹងកើតឡើង៥,២ភាគរយ សម្រាប់ឆ្នាំ២០២២។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វិញព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង៥,៣% ក្នុងឆ្នាំនេះ និង៦,៥% ក្នុងឆ្នាំ២០២៣ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ រំពឹងថាកើនឡើងរង្វង់៥,១% និងឆ្នាំ២០២៣ នឹងមានកំណើនខ្ពស់ក្នុងអត្រា៦,២%៕