ដោយៈ សុខុម
អន្តរជាតិ: យោងតាមការស្រាវជ្រាវថ្មីមួយបង្ហាញថា ប្រទេសរុស្ស៊ីរកប្រាក់ចំណូលបាន រហូតដល់ទំហំទឹកប្រាក់៩៨ពាន់លានដុល្លារ ពីការនាំចេញឥន្ធនៈហ្វូស៊ីល អំឡុងពេល១០០ថ្ងៃដំបូង នៃសង្គ្រាមរបស់ខ្លួនចូលឈ្លានពានអ៊ុយក្រែន ហើយសហភាពអឺរ៉ុប គឺជាអ្នកនាំចូលច្រើនជាងគេ។

-->
ការចេញផ្សាយរបាយការណ៍ស្រាវជ្រាវកាលពីថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ជាស្ថាប័នឯករាជ្យដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ នេះបានកើតមានឡើង នៅពេលកងកម្លាំងរុស្ស៊ី បន្តវាយរុលទៅមុខសន្សឹមៗ ដើម្បីដណ្ដើមកាន់កាប់តំបន់ដុនបាស (Donbas) ភាគខាងកើតរបស់អ៊ុយក្រែន ឱ្យបានទាំងស្រុង។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបញ្ជូនសព្វាវុធ និងសាច់ប្រាក់ដើម្បីជួយអ៊ុយក្រែន ទប់ទល់នឹងការវាយសម្រុកទៅមុខរបស់រុស្ស៊ី អមជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត មិនធ្លាប់មានលើរដ្ឋាភិបាលក្រុងមូស្គូ។
ប៉ុន្តែរដ្ឋាភិបាលក្រុងគៀវ នៃប្រទេសអ៊ុយក្រែន បានអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិច កាត់ផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយរដ្ឋាភិបាលក្រុងមូស្គូ ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុរបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។ នៅមុនសង្រ្គាមនេះ ប្រទេសរុស្ស៊ី បានផ្គត់ផ្គង់រហូតដល់ទៅ៤០%នៃឧស្ម័ន និង២៧%នៃប្រេងដែលសហភាពអឺរ៉ុប បាននាំចូលទាំងអស់។
កាលពីដើមខែនេះ សហភាពអឺរ៉ុប បានយល់ព្រមបញ្ឈប់ការនាំចូលប្រេងរុស្ស៊ីភាគច្រើន ហើយខ្លួនមានគោលបំណងកាត់បន្ថយ ការដឹកជញ្ជូនឧស្ម័នតាមកប៉ាល់ឱ្យបាន២ភាគ៣នៅឆ្នាំនេះ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល CREA បង្ហាញថា សហភាពអឺរ៉ុប បានទិញរហូតដល់ទៅ៦១% នៃការនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី អំឡុងពេល១០០ថ្ងៃដំបូង នៃសង្រ្គាមចូលឈ្លានពានអ៊ុយក្រែន ដែលរហូតមកទល់ពេលនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិសរុបជាទឹកប្រាក់អស់ប្រមាណ៦០ពាន់លានដុល្លារ។

សរុបមក ប្រទេសដែលនាំចូលច្រើនជាងគេបង្អស់ រួមមាន ប្រទេសចិន ១៣,២ពាន់លានដុល្លារ អាល្លឺម៉ង់១២,៧ពាន់លានដុល្លារ អ៊ីតាលី ៨,២ពាន់លានដុល្លារ ហូឡង់៨,៤ពាន់លានដុល្លារ តួកគី៧ពាន់លានដុល្លារ ប៉ូឡូញ៤,៦ពាន់លានដុល្លារ បារាំង៤,៥ពាន់លានដុល្លារ និងឥណ្ឌា៣,៦ពាន់លានដុល្លារ៕ Aljazeera៕