សម្តេចតេជោចង់ឃើញអាស៊ានរួមគ្នាដេញថ្លៃរៀបចំការប្រកួតបាល់ទាត់ពិភពលោក

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) បានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលពានបាល់ទាត់ពិភពលោកនេះដោយផ្ទាល់នៅវិមានសន្តិភាព។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស(Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ២០០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

សម្ដេចចង់ឃើញប្រទេសនៅក្នុងអាស៊ានរួមគ្នា ដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA WORLD CUP ក្នុងឆ្នាំ ២០៣៤ ឬ ២០៣៨។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក។

សម្តេចតេជោនឹងពិនិត្យមើលលទ្ធភាព ស្នើសុំប្រមុខរដ្ឋអាស៊ានគាំទ្រ ជំរុញគំនិតផ្នួចផ្នើមនេះឱ្យក្លាយជាការពិត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here