ដោយ : វុត្ថា
ភ្នំពេញ : មន្ត្រីជាន់ខ្ពស់នៃប្រទេសចិនជាថ្មីម្តងទៀត បានប្តេជ្ញាចិត្តជួយអភិឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត ទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះទំនាក់ទំនងរវាងប្រទេសកម្ពុជានិ ងចិនគឺជាទំនាក់ទំនងដែកថែប ដែលមានលក្ខណៈរឹងមាំនិងយូរអង្វែងចាប់តាំងពីជំនាន់សម្តេចព្រះបរមរតនៈកោដិ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តសីហនុ និងលោកលោកម៉ៅ សេទុង ប្រធានាធិបតីចិនមកម្លេះ។
លោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានឲ្យដឹងក្នុងជំនួបជាមួយសម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិនប្រធានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី២ វិច្ឆិកានេះថា “ប្រទេសកម្ពុជាគឺជាមិត្តដែកថែបជាមួយប្រទេសចិន ហើយទំនាក់ទំនងនៃប្រទេសទំាងពីរមិនអាចបំបែកបាន ហើយនឹងបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើងៗថែមទៀត។ លោកបន្តថា ព្រះករុណាបព្រះបរមរតនកោដិ សម្តេចព្រះនរោត្តមសីហនុ គឺជាមិត្តចិន ហើយប្រទេសចិន និងប្រជាជនចិនតែងតែគោរពស្រឡាញ់ព្រះអង្គ ហើយព្រះអង្គ មានមនោសញ្ចេតនាយ៉ាងជ្រាវជ្រៅជាមួយនឹងប្រទេសចិនង។
លោកបន្តថា “ប្រទេសចិននឹងខិតខំធ្វើយ៉ាងណា ដើម្បីអោយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនកាន់តែខ្លាំងណានិងរឹងមុំាបន្ថែមទៀត”។ លោកបន្តថា “គោលបំណងសំខាន់ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីរួមចំណែកជួយជម្រុញមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិនអោយកាន់តែ រឹងមាំបន្ថែមទៀត”។
មន្ត្រីជាន់ខ្ពស់ចិនរូបនេះថា ប្រទេសចិនបានកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងបង្កើតគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលគោលនយោបាយនេះ បានទទួលការគំាទ្រពីប្រទេសកម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈដែលប្រទេសមួយចំនូនបានជំទាស់ ដែលធ្វើអោយទំហំពាណិជ្ជកម្មចិន-អាស៊ានកើនឡើងជបន្តបន្ទាប់ចាប់តំាងពីឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ន។
លោក Zhang Chunxian បានបន្តថា គោលនយោបាយដែលប្រទេសចិន បានបង្កើតឡើង មិនបានគិតផលប្រយោជន៍ចិនតែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួម ជាផលប្រយោជន៍អាស៊ាន និងពិភពលោក ដោយកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលទទួលបានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្ម សេរីចិន-អាស៊ាន និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន”។
ចាប់តាំងពីឆ្នាំ២០១១ ទំហំពាណិជ្ជកម្មចិន-អាស៊ានមានសម្រេចបានទឹកប្រាក់ ៤២ពាន់លានដុល្លារប៉ុណ្ណោះ និងបានកើនឡើងរហូតដល់៥១៤ពាន់លានដុល្លារនៅឆ្នាំ២០១៧ ដែលធ្វើឲ្យបណ្តាប្រទេសនៅក្នុងតំបន់ កំពុងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើននេះ។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានសម្តែងនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នានៃប្រទេសកម្ពុជា ចិន ដែលបានធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ មានភាពល្អប្រសើរជាងពេលណាៗទំាងអស់ ហើយឆន្ទៈរបស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ គឺបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមំាថែមទៀត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេស“កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្រ្ត គ្រប់ ជ្រុងជ្រោយ ” ដែលបាននិងកំពុងទទួលលទ្ធផលជាផ្លែផ្កាលើច្រើនវិស័យ។