ដោយ៖ សូរិយា
ភ្នំពេញ៖ នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា៥,៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់៦,៦%។
នេះបើយោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
-->

សារាចរណែនាំ បានគូសបញ្ជាក់ថា សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានបង្កផលប៉ះពាល់ ដោយប្រយោលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្ម រួមមាន ជី និងថ្នាំសម្លាប់សត្វល្អិត ជាដើម។ ទន្ទឹមនេះ ការកើនឡើងថ្លៃជារួម បានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ទោះជាយ៉ាងនេះក្ដី ផលប៉ះពាល់នៃសង្គ្រាមនេះ មកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូច ដោយហេតុ ថាទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់រវាងកម្ពុជា ជាមួយនឹងប្រទេសជម្លោះទាំងពីរ មានកម្រិតទាប ដែលត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំ ដោយការសម្រេចបាននូវអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានធ្វើឲ្យកម្ពុជាបង្កើតបាននូវភាពស៊ាំសហគមន៍ ជាមូលដ្ឋានសំខាន់សម្រាប់ការ បើកប្រទេសឡើងវិញ និងបានអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកចាប់ផ្តើមវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។
អនុវិស័យដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មី ក្នុងឆ្នាំ២០២៣ រួមមាន អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម។

វិស័យកសិកម្មត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់១,១% ក្នុងឆ្នាំ២០២៣ ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យដំណាំ ស្របពេលដែលអនុវិស័យនេសាទរំពឹងថា នឹងបន្ដងើបឡើងវិញសន្សឹមៗ។ អនុវិស័យចិញ្ចឹមសត្វរំពឹងថា មានកំណើនរង្វង់១,០% អនុវិស័យដំណាំ រំពឹងថា មានកំណើន១,៦% និងអនុវិស័យនេសាទរំពឹងថា មានកំណើនក្នុងអត្រា០,៦%។
វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្ដនិន្នាការកើនឡើង ក្នុងអត្រា៩,២% ក្នុងឆ្នាំ២០២៣ ដែលកំពុងវិលត្រឡប់មករកនិន្នាការកំណើនមុន ពេលវិបត្ដិជំងឺកូវីដ-១៩ ដែលគាំទ្រដោយការបន្ដភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ដែលនឹងបន្ដជំរុញកំណើន នៃអនុវិស័យកាត់ដេរ មានកំណើន៨,១% អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ១៣,៣% និងអនុវិស័យសំណង់ ក្នុងអត្រា៧,២%។

វិស័យសេវាកម្មត្រូវព្យាករថា នឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រា៦,៦% ក្នុងឆ្នាំ២០២៣ ដោយសារងើបឡើងវិញ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងការបន្ដនិន្នាការកើនឡើង នៃអនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលកដុំ-លក់រាយ អនុវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍។
អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រំពឹងថា មានកំណើន២៣,៤% អនុវិស័យលកដុំ-លក់រាយ រំពឹងថា មានកំណើន៦,៧% អនុវិស័យអចលនទ្រព្យ រំពឹងថា មានកំណើន៥,២% និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ រំពឹងថា មានកំណើនក្នុងអត្រា៧,១%។
ក្នុងឆ្នាំ២០២២ អតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងរង្វង់៥,០% ដោយសារការកើនឡើង ខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពី សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្រាប់ឆ្នាំ២០២៣ អតិផរណាត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់២,៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។
អត្រាប្តូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ៤.០៦៥រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។
ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ៤,៥% នៅឆ្នាំ២០២២នេះ កើន៥,៨% នៅឆ្នាំ២០២៣។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣៕