អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃ១ពាន់លានដុល្លារ សម្រាប់ជួយអ៊ុយក្រែន

0

ដោយសុខុម

វ៉ាស៊ីនតោន: ប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា បានប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធថ្មីចំនួន១ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក សម្រាប់ជួយដល់អ៊ុយក្រែន ដែលរួមមានទាំងប្រព័ន្ធរ៉ុក្កែតប្រឆាំងនាវា រ៉ុក្កែតធុនធំ កាំភ្លើងធំ និងគ្រាប់រំសេវផងដែរ។

លោក ចូ បៃឌិន បានប្រាប់លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន អំពីកញ្ចប់សព្វាវុធថ្មីនេះតាមរយៈការសន្ទនាតាមទូរស័ព្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពី ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា។

បន្ទាប់ពីការសន្ទនាគ្នាតាមទូរស័ព្ទរយៈពេល៤១នាទី លោក ចូ បៃឌិន បានចេញសេចក្តីថ្លែងការណ៍ថា “សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសន្តិសុខចំនួន១ពាន់លានដុល្លារ បន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមមានទាំងកាំភ្លើងធំ និងអាវុធការពារឆ្នេរសមុទ្រ ព្រមទាំងគ្រាប់រំសេវសម្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែតទំនើបផងដែរ”។

ប្រធានាធិបតី ចូ បៃឌិន ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌២២៥លានដុល្លារ បន្ថែមទៀតផងដែរដើម្បីជួយប្រជាជនក្នុងប្រទេសអ៊ុយក្រែន រួមទាំងការផ្គត់ផ្គង់ទឹកស្អាត ការផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តសំខាន់ៗ និងការថែទាំសុខភាព ស្បៀងអាហារ ទីជម្រក និងសាច់ប្រាក់សម្រាប់គ្រួសារនានាទិញរបស់របរសំខាន់ៗផងដែរ។

មន្ទីរបញ្ចកោណនិយាយថា កញ្ចប់ជំនួយសព្វាវុធចុងក្រោយសម្រាប់អ៊ុយក្រែន លើកនេះរួមមាន កាំភ្លើងធំចំនួន១៨ដើម គ្រាប់កាំភ្លើងធំចំនួន៣៦.០០០គ្រាប់ ប្រព័ន្ធអាវុធការពារឆ្នេរធុន Harpoon ចំនួន២ រ៉ុក្កែតធុនធំ វិទ្យុទាក់ទាញដែលផ្ដល់សុវត្ថិភាពខ្ពស់ ឧបករណ៍ឆ្លុះមើលពេលយប់រាប់ពាន់គ្រឿង និងថវិកាសម្រាប់ការហ្វឹកហ្វឺនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here