ក្រុមហ៊ុនថៃមួយចង់បើកសាលាបង្រៀនជំនាញជួសជុលនិងថែរទាំ យន្តហោះនៅកម្ពុជា

0

ដោយៈ វិវឌ្ឍន៍

ភ្នំពេញៈ ក្រុមហ៊ុន​ថៃឈ្មោះAviation Maintenance បានបង្ហាញពីគំរោង​បើក​សាលា​បង្រៀន​អាកាសយានិក​ (Pilot) និង​ជំនាញ​ជួសជុល និង​ថែទាំ​យន្តហោះ (Engineer maintenance) នៅ​កម្ពុជា ខណៈ​​​វិស័យ​អាកាសចរណ៍​កម្ពុជា​ កំពុង​មាន​កង្វះ​ខាត​ជំនាញ​មួយ​នេះ។

នាយក​វិទ្យាស្ថាន​តេជោសែន​សាធារណការ​ និង​ដឹក​ជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកហឿន សំនៀងបាន​បានមានប្រសាសន៍ឲ្យដឹងថា លោក​បាន​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន Aviation Maintenance Expert Enterprise Co,.Ltd និង​ក្រុមហ៊ុន​ Private Jet (JFT Jet) កាល​ពី​ថ្ងៃទី​ ១៣ មិថុនា ​ដោយ​បាន​ពិភាក្សា​អំពី​ផែនការ​នៃ​ការ​បើក​ដំណើរការ​នេះ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ពិភាក្សា​បឋម និង​ជា​ការ​សិក្សា​ដំបូង​ដោយ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ទេ។

លោក​បន្ថែម​ថា “បើក​សាលា​បង្រៀន​អាកាសយានិក និង​ជំនាញ​ជួសជុល និង​ថែទាំ​យន្តហោះ​នេះ ជា​គម្រោង​របស់​ខាង​​ក្រុមហ៊ុន​ថៃ Aviation Maintenance ដោយ​ក្រុមហ៊ុន​នេះបាន​ស្នើសុំ​ជួប​វិទ្យាស្ថាន​ ដើម្បី​ពិភាក្សា​​​កិច្ច​ការងារ​នេះ ខណៈ​ក្រុមហ៊ុន Private Jet (JFT Jet) គឺ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ដែល​ប្រតិបត្តិការ​អាជីវកម្ម​លើ​ផ្នែក​នេះ ដូច្នេះ​​ក្រុមហ៊ុន​មាន​ព័ត៌មាន​អំពី​តម្រូវការ​ទីផ្សារ​ ចំពោះ​អ្នក​ជំនាញ​នៅ​ក្នុង​ផ្នែក​អាកាសយានិក ជួសជុល ​និង​ថែទាំ​យន្តហោះ។

លោកហឿន សំនៀងបាន​​បញ្ជាក់​​ទៀតថា “​រាជរដ្ឋាភិបាល​យើង​លើក​ទឹក​ចិត្ត​ឱ្យ​​ក្រុមហ៊ុន​មាន Private Jet ដោយ​ខ្លួន​ឯង ដែល​​ធ្វើ​ឱ្យ​ទីផ្សារ​ផ្នែក​នេះ​មាន​ការ​ផុលផុស​ទើប​ក្រុមហ៊ុន Private Jet (JFT Jet) បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​នៅ​ថៃ និង​ស្ថានទូត​ថៃ ដើម្បី​​ចាប់​ផ្តើម​សិក្សា​លទ្ធភាព​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ ឬ​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​ការងារ​នេះ”។លោក​​បន្ត​ថា “ប្រសិន​គម្រោង​បើក​សាលា​បង្រៀន​អាកាសយានិក និង​ជំនាញ​ជួសជុល និង​ថែទាំ​យន្តហោះ អាច​ដំណើរការ​បាន​នា​ពេល​អនាគត​ពិត​មែន​នោះ​ វា​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​ ក្នុង​ការ​បង្ហាញ​ពិភព​លោក​ថា វិស័យ​ដឹក​ជញ្ជូន​គមនាគមន៍​​​កម្ពុជា​មាន​ការ​រីក​ចម្រើន”។

លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា​ក្រុមហ៊ុនPrivate Jet ( JFT Jet) បាន​ប្រាប់​ថា ការ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន Aviation Maintenance នេះ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ បាន​មើល​ឃើញ​កាលានុវត្តភាព​លើ​វិស័យ​អាកាសចរណ៍​នេះ បន្ទាប់​​ពី​ប្រទេស​​ថៃ និង​កម្ពុជា បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​ពេញ​លេញ​ឡើង​វិញ​ដូច​គ្នា។

លោកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Aviation Maintenance កំពុង​​សិក្សា​ពី​លទ្ធភាព​នៅ​ក្នុង​ការ​បើក​ជំនាញ​នេះ​ នៅ​ឡើយ​ ហើយ​ក្រុមហ៊ុន​មួយ​នេះ គ្រោង​នឹង​ជួប​ជាមួយ​ខាង​អាកាសចរ​ស៊ីវិល​បន្ត​ទៀត ដើម្បី​ពិភាក្សា​លើ​ការ​បើក​សាលា​បណ្តុះបណ្តាល​នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here