ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានអនុម័តពាក្យស្នើសុំអាជីវកម្មលើទុនវិនិយោគសរុប៤,៦៧០លានដុល្លារអាមេរិក
ការចុះបញ្ជីរនេះ បានធ្វើឡើងក្នុងរយៈពេលពីរឆ្នាំ នៃការដាក់ដំណើរការ ប្រព័ន្ឋនេះដែលមានក្រុមហ៊ុនចុះបញ្ជីរសរុប រហូតដល់ចំនួន១៤,៦៧៦ក្រុមហ៊ុន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា ក្នុងចំណោមទុនវិនិយោគទាំងនោះ ទុនវិនិយោគតាមវិស័យសំណង់មាន២១.៦ភាគរយ ឬប្រមាណ១០០០លានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។
ចំណែកក្រុមហ៊ុនទាក់ទង នឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប៦៨១លានដុល្លារ ឬស្នើនឹង១៤.៦ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។ផងដែរ។
រដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលពីទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យ សកម្មភាពអចលនទ្រព្យ មានប្រមាណ៨.៧ភាគរយ នៃចំនួនក្រុមហ៊ុនចុះបញ្ជីសរុប១៤,៦៧៦ ក្រុមហ៊ុន។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង៕