ក្រុមហ៊ុនជាតិ អន្តរជាតិ ១៤,៦៧៦ បានចុះបញ្ជីរនៅកម្ពុជា ដោយបោះទុនវិនិយោគជិត ៤៧០០លានដុល្លារក្នុងរយៈពេលពីរឆ្នាំ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តឲ្យក្រុមហ៊ុនជាតិ អន្តរជាតិចំនួនហូតដល់១៤,៦៧៦ក្រុមហ៊ុនធ្វើអាជីវកម្មនៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេល២ឆ្នាំនេះ ពោលគឺចាប់ពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២ កម្ពុជាសម្រេចបានទំហំទុនវិនិយោគ និងក្រុមហ៊ុនដូចរៀបរាប់ខាងលើនេះ។ ក្រុមហ៊ុនទាំងនោះបាន​ចុះបញ្ជី​តាម​វិស័យ ​អាហរ័ណនីហរ័ណ​ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់​ប្រភេទ​មាន​ជាង ៣៩%, សកម្មភាពសេវាកម្ម​ស្នាក់នៅ និងអាហារជាង១០%, ​សកម្មភាពអចលនទ្រព្យជិត ៩%, កម្មន្តសាលជាង​៨% ព័ត៌មានវិទ្យា និងទូរគមនាគមន៍ជាង៦%, និងវិស័យផ្សេងៗទៀតជិត២៧%។

ចំណែកទំហំវិនិយោគនៅតាមវិស័យវិញ រួមមានក្រុមហ៊ុនសាងសង់គ្របដណ្តប់ជាង២១% កម្មន្តសាលជាង១៨% អាហរ័ណនីហរ័ណ ទិញលក់​ ជួសជុលយានយន្ត​ និងទោចចក្រយានយន្តគ្រប់ប្រភេទជាង១៥% សកម្មភាព​អចលនទ្រព្យជាង១៤% សកម្មភាព​​ហិរញ្ញវត្ថុ ​និងធានារ៉ាប់រងជាង ៧% និង​វិស័យផ្សេងៗទៀតជិត២៣%ផងដែរ។

ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម​ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន២ដំណាក់កាល​ ក្នុងនោះសម្រាប់ដំណាក់កាលទី១ បានដាក់ឱ្យដំណើរការជាផ្លូវការ ​អស់រយៈពេល២ឆ្នាំកន្លង​មកហើយ ​គឺជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ជាមួយ ​ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំណែកដំណាក់កាលទី២ បានដាក់ឱ្យដំណើរ​ការនៅ​ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២១ ​ផ្តោតលើការ​ផ្តល់​អាជ្ញាប័ណ្ណ​ជំនាញ ​ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ និង​និយ័តករ​អាជីវកម្មអចលនទ្រព្យ ​និង បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​គ្រោងនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេក​វិទ្យាព័ត៌មាន​ ដំណាក់កាលទីបី​ នៅពេលខាងមុខ ​ដែលមានក្រសួង ​និងស្ថាប័នជាច្រើនផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here