ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងសាងសង់ព្រលានយន្តហោះដ៏ធំ និងទំនើបបំផុតនៅក្នុងពិភពលោក នៅភាគខាងត្បូងនៃទីក្រុងហូជីមីញ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរ ដែលបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ជាង ៥លាននាក់ជារៀងរាល់ឆ្នាំ ចាប់តាំងពី សង្គ្រាមវៀតណាម (Vietnam War) ត្រូវបានបញ្ចប់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានបញ្ជាក់ថា ព្រលានយន្តហោះថ្មីដែលរដ្ឋាភិបាលវៀតគ្រោង សាងសង់នេះ មានឈ្មោះថា Long Thanh International Airport សាងសង់នៅលើទំហំដី ២៥ Miles នៅភាគខាងត្បូងនៃទីក្រុងហូជីមិញ ដែលអាចទទួលអ្នកធ្វើដំណើរចំនួនបានជាង ១០០ លាននាក់ក្នុងមួយឆ្នាំៗ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១៩ខាងមុខនេះ និងបញ្ចប់នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។
បើតាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាម នាពេលបច្ចុប្បន្ននេះ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Vietnam Airlines កំពុងតែកើនឡើងប្រតិបត្តិការទាំងនៅក្នុងស្រុកនិងក្រៅស្រុក។
សម្រាប់គម្រោងសាងសង់ព្រលានយន្តហោះ Long Thanh International Airport នេះ ត្រូវបានរដ្ឋាភិបាលវៀតណាម ឯកភាព និងអនុញ្ញាតសាងសង់កាលពីឆ្នាំ ២០១៦ ដោយនាយករដ្ឋមន្ត្រីវៀតណាម Phan Van Khai ដែលមានការសម្របសម្រួលជាច្រើនលើកច្រើនសារ។ គម្រោងសាងសង់នេះ ក៏មានប្រតិកម្មពីសាធារណៈជនផងដែរថា ព្រលាននេះ ហាក់នៅឆ្ងាយពីទីក្រុងហូជីមីញចំងាយ ៤៥ គីឡូម៉ែត្រ។ តែយ៉ាងណាក៏វាត្រូវបានរដ្ឋាភិបាលបានឯកភាពរួច រាល់ហើយ។
រដ្ឋាភិបាលនៃប្រទេសវៀតណាម និងក្រុមហ៊ុន Southern Airports Corporation ដែលជាក្រុមហ៊ុនស្ថិត ក្រោមការគ្រប់របស់ក្រសួងដឹកជញ្ជូនថៃ បានបែងចែកសាងសង់ជាដំណាក់កាលដើម្បីឆ្លើយតប នឹងតម្រូវការប្រើប្រាស់ បន្ទាន់៕