ដោយ ស៊ីវ ម៉េង
ភ្នំពេញ : ក្នុងគោលដៅបំពេញកង្វះខាតធនធានមនុស្សនៅកម្ពុជា និងបំពេញតម្រូវការធនធានមនុស្សសំរាប់តំបន់ អ្នកវិនិយោគវិនិយោគជប៉ុនមួយរូបបានបោះទុនវិនិយោគរាប់លានដុល្លារអាមេរិក ដើម្បីរៀបចំវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យឡើង។
លោក តាកេស៊ិ អ៊ីហ្សូកាក់ អគ្គនាយកក្រុមហ៊ុុន A2A Town Cambodia ដែលជាក្រុមហ៊ុនវិនិយោគលើរមណីយដ្ឋាន Vkirirom Pine Resort បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានចាប់ផ្តើមកាលពីឆ្នាំ២០១៥ ដែលជាវិទ្យាស្ថាន បណ្តុះបណ្តាលផ្នែកវិស្វកម្មកុំព្យូទ័រជាលើកដំបូងនៅកម្ពុជា ហើយរហូតមកទល់ពេលនេះ និស្សិតជំនាន់ទី១បានបញ្ចប់ការសិក្សា ក្នុងនោះ៧០ភាគរយបានបំពេញការងារនៅជប៉ុន ដោយទទួលបានប្រាក់ខែចន្លោះពី២៥០០ ទៅ៣០០០ដុល្លារក្នុងមួយខែ និងក្រៅពីនេះពួកគេបានបំរើការងារនៅតាមរោងចក្រ សហគ្រាសជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា។
លោកបន្តថា ដោយមានការគាំទ្រ និងការលើកទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួន ណារ៉ុន នៅថ្ងៃនេះយើងបើកបវេសនកាលសម្រាប់និស្សិតជំនាន់ទី៦ ដែលមានចំនួន១១០នាក់មកសិក្សានៅទីនេះ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ និងទទួលបានសម្ភារៈសិក្សា កន្លែងស្នាក់នៅ អាហារបីពេល។
លោកបន្តថា រហូតមកទល់ពេលនេះ លោកចំណាយអស់ថវិកាប្រមាណ ៥លានដុល្លារអាមេរិក គឺសំរាប់តែសម្ភារៈបរិក្ខាលើនិស្សិតជំនាន់ទី៦ប៉ុណ្ណោះ មិនរាប់បញ្ចូលការកសាងអាគារសិក្សា និងការចំណាយលើការសិក្សាកន្លងមកទេ ហើយនិស្សិតកម្ពុជាម្នាក់គិតចាប់ពីចូលរៀនរហូតដល់បញ្ចប់ការសិក្សា លោកចំណាយអស់ ៤៧០០០ដុល្លារអាមេរិក។
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ មិនត្រឹមតែទទួលនិស្សិតកម្ពុជានោះទេ ប៉ុន្តែវិទ្យាស្ថាននេះបាននិងកំពុងទទួលនិស្សិតបរទេសផងដែរ ដែលបច្ចុប្បន្នមាននិស្សិតមកពីប្រទសជប៉ុនកំពុងសិក្សាជាច្រើននៅទីនេះ ហើយពេលអនាគត លោក តាកេស៊ិ អ៊ីហ្សូកាក់ គ្រោងទាក់ទាញនិស្សិតមកពីអាហ្រ្វិក ពីបណ្តាប្រទេសក្នុងតំបន់អាស៊ានមកសិក្សានៅទីនេះផងដែរ ដែលក្រៅពីនិស្សិតកម្ពុជា គឺនិស្សិតបរទេសត្រូវសិក្សាបង់ថ្លៃនៅក្នុងវិទ្យាស្ថានេះ ដែលពួកគេត្រូវចំណាយប្រាក់ប្រមាណ៥ម៉ឺនដុល្លារ គិតចាប់ពីចូលរៀនរហូតដល់បញ្ចប់ការសិក្សា។
ការចូលសិក្សានៅវិទ្យាស្ថានគិរីរម្យ ត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាល ដូចជា ត្រូវធ្វើតេស្តលើតក្កវិជ្ជា ការប្រលងសមត្ថភាពគណិតវិទ្យា ភាសាអង់គ្លេស ការប្តេ ជ្ញាចិត្តសិក្សារៀនសូត្រ និងមានការយល់ព្រមពីមាតាបិតា និងអាណាព្យាបាលរបស់ពួកគេ៕