ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ពិភពលោកទើបតែបានផុតពីកូវីដ១៩មិនទាន់បានស្រួលបួលប៉ុន្មានផង ស្រាប់តែជួបនឹងវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ឬអាចនិយាយបានថាខ្លាំងជាងវិបត្តិនៃកូវីដ១៩រយៈពេល២ឆ្នាំកន្លងទៅទៀត។
លោកឧកញ៉ បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property Area ឱ្យដឹងថា ក្នុងសម័យកូវីដ១៩រយៈពេល២ឆ្នាំ កម្ពុជាក៏ដូចជាពិភពលោកប៉ះពាល់ច្រើន ប៉ុន្តែដំណើរការសេដ្ឋកិច្ច អចលនទ្រព្យនៅតែបន្តទៅមុខ។
លោកបណ្ឌិតបន្តថា ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ទើបតែបញ្ចប់នៅបណ្ដាប្រទេសមួយចំនួន រួមទាំងកម្ពុជាផងដែរ ស្រាប់តែមកជួបនូវវិបត្តិមួយទៀត គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមកដល់ពេលនេះ គឺមានរយៈពេល៥ខែហើយ ដែលសង្គ្រាមរវាងប្រទេសទាំងពីរនេះបានកើតឡើង និងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច។
លោកឧកញ៉ាបន្តថា នៅពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្ដើម វាមិនសូវមានផលប៉ះពាល់ប៉ុន្មាននោះទេ តែមកប៉ះពាល់ខ្លាំង នៅក្នុងអំឡុងខែមីនាឬមេសា និយាយរួមគឺ២ខែក្រោយនេះ។ ឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន គឺស្មើនឹង២ឆ្នាំនេះឥទ្ធិពលដោយសារតែកូវីដ១៩។
លោកថា “ពីរខែចុងក្រោយនេះ ឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺបានសាយភាយទូទាំងពិភពលោក ជាពិសេស បណ្ដាប្រទេសអឺរ៉ុប ដោយមិនមែនមានតែកម្ពុជានោះទេ”។
លោកឧកញ៉ាបន្ថែមថា វិបត្តិនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មកដល់ពេលនេះ គឺពិបាកនឹងប៉ាន់ស្មានថានឹងបញ្ចប់នៅពេលណានោះទេ។ ដូច្នេះនៅពេលមួយមានភាពស៊ាំដូចនឹងកូវីដ១៩ដែរ ស្ថានភាពដីធ្លីនិងអចលនទ្រព្យនៅកម្ពុជានឹងអាចវិលទៅរកស្ថានភាពធម្មតាវិញ ព្រោះដំបូងៗគេតែងតែបារម្ភតែពេលយូរៗទៅ ពិភពលោកនិងបណ្ដាប្រទេសជាច្រើននឹងគិតថាជារឿងធម្មតា ដោយបន្តដំណើរការសកម្មភាពសេដ្ឋកិច្ចជាធម្មតាវិញ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជៀសមិនផុតពីប៉ះពាល់ដល់កម្ពុជានោះទេ គ្រាន់តែផលប៉ះពាល់នៅបណ្ដាប្រទេសនីមួយៗមានខ្លាំងនិងតិចតួច។
យ៉ាងណាក្តី លោកជឿជាក់ថា ប្រទេសទាំងពីរនេះ នឹងរកការចរចាណាមួយដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមបានឆាប់ៗ ដែលជំរុញឱ្យសេដ្ឋកិច្ចពិភពលោកវិលទៅរកស្ថានភាពធម្មតាឡើងវិញ៕