ដោយ៖ សុខុម
ភ្នំពេញ: មន្ត្រីរដ្ឋាភិបាលនិយាយថា អគារសិក្សាមួយដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា នៅតំបន់ដាច់ស្រយាលមួយនាភាគពាយព្យនៃប្រទេសកម្ពុជា ដោយផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអប់រំកាន់តែប្រសើរឡើងដល់កុមារនៅតំបន់ជនបទនេះ។
អំណោយរបស់អង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ (CICO) ដែលគ្រប់គ្រងដោយប្រទេសចិន នេះមានអគារសិក្សាមួយខ្នងមាន៥បន្ទប់រួមជាមួយនឹងការិយាល័យមួយ បង្គន់អនាម័យចំនួន១០ និងអណ្តូងស្នប់មួយស្ថិតនៅក្នុងបរិរវេណសាលាបឋមសិក្សា តេជោសន្តិភាព ក្នុងភូមិដីថ្មីសន្តិភាព ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
-->
ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យេ លីនណា (Ye Linna) ប្រធានអង្គការ CICO ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សរាប់រយនាក់។
ថ្លែងក្នុងពិធីនោះ លោក ឌួង តារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយចិន ដែលបានផ្តល់មូលនិធិដល់គម្រោងនេះ ដោយលោកបានធ្វើការកត់សម្គាល់ថា វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការអប់រំសម្រាប់កុមារនៅតាមជនបទដាច់ស្រយាល។
អង្គការ CICO ដែលត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០២០ និយាយថា គោលបំណងចម្បងរបស់ខ្លួនគឺដើម្បីជួយសាងសង់អគារសិក្សានៅតំបន់ក្រីក្រ និងដាច់ស្រយាល ដើម្បីឱ្យកុមារកម្ពុជា មានថ្នាក់រៀនត្រឹមត្រូវសម្រាប់ការរៀនសូត្រមានអនាគតល្អ ដើម្បីជាសសរទ្រូងប្រទេសជាតិ៕