ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ ត្រូវបានព្យាករណ៍ថា មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីជួបវិបត្តិដោយសារតែកូវីដ១៩រយៈពេល២ឆ្នាំកន្លងមកនេះ។
ប៉ុន្តែសម្រាប់វិស័យមួយចំនួនឃើញថា មិនទាន់បានល្អ និងមួយចំនួនទៀតបានប្រសើរឡើងវិញ ។ ក្នុងស្ថានភាពបែបនេះ វិនិយោគិនគួរតែបញ្ចេញទុនក្នុងការវិនិយោគអចលនទ្រព្យដែរឬទេ?។
លោកង៉ែត ជូ អ្នកជំនាញ និងជាអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយរូបនៅកម្ពុជាបានឱ្យដឹងថា អ្នកមានបទពិសោធន៍ ក្នុងការបណ្ដាក់ទុនវិនិយោគលើវិស័យនានា គេនឹងគិតគូរច្រើន ទៅលើស្ថានការណ៍នាពេលនេះ ហើយអ្នកមិនទាន់មានបទពិសោធន៍ ក៏រឹតតែមិនទាន់ហ៊ានប្រថុយប្រថាន ចំពោះស្ថានភាពដែលមិនទាន់ច្បាស់លាស់នេះដែរ។
លោកបន្តថា “ការដាក់ទុនវិនិយោគ ឬមិនដាក់ទុនវិនិយោគនៅពេលនេះ គឺអាស្រ័យទៅលើការគិតរបស់អ្នកវិនិយោគនីមួយៗ”។ លោកបន្តថា សម្រាប់ខ្ញុំផ្ទាល់ គឺលើកទឹកចិត្តដល់អ្នកដែលមានទុនគ្រប់គ្រាន់ អាចបញ្ចេញសកកម្មភាពវិនិយោគបាន ដោយមិនគួររង់ចាំឱ្យឱកាសល្អរំលងនោះទេ ពីព្រោះថាយើងមិនដឹងថា សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលបង្កជាវិបត្តិនឹងបាត់ទៅវិញនៅពេលណាឡើយ”។
ជាមួយគ្នានេះ លោកស៊ីម សាមីឌី អគ្គនាយកនៃក្រុមហ៊ុន RENT KH ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេល២ឆ្នាំកន្លងទៅ យើងបានជួបប្រទះនឹងវិបត្តិ ហើយវិនិយោគិនមួយចំនួន ក៏មិនបានបញ្ចេញសកម្មភាពវិនិយោគដែរ នៅពេលស្ថានភាពចាប់ផ្ដើមប្រសើរពីកូវីដ១៩ សកម្មភាពនៃការជួលអចលនទ្រព្យនានា ក៏ចាប់ផ្ដើមកម្រើកឡើងវិញបន្តិច តែវាមិនទាន់ជាប្រសើរខ្លាំងនៅឡើយទេ ធៀបនឹងមុនវិបត្តិ។
លោកបន្តថា “នៅចុងឆ្នាំ២០២២នេះ ឬដើមឆ្នាំក្រោយ សកម្មភាពនៃវិស័យនេះនឹងល្អ ហើយអ្នកវិនិយោគពីបរទេស ក៏នឹងមកដល់កម្ពុជាឡើងវិញ”។ លោកបន្ថែមថា “ដូច្នេះវាជាពេលវេលាមួយ សម្រាប់ការបញ្ចេញសកម្មភាពវិនិយោគឡើងវិញ ក្នុងនោះសម្រាប់សេវាកម្មជួលអចលនទ្រព្យក៏រំពឹងថានឹងមានសន្ទុះជាងនេះបន្ថែមទៀតដែរ”។
បច្ចុប្បន្ននេះ ការវិនិយោគទៅលើគម្រោងតូចៗឃើញថា ចាប់ផ្ដើមមានសកម្មភាពឡើងវិញ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តសក្ដានុពលមួយចំនួន តែសម្រាប់គម្រោងវិនិយោគធំៗ នៅមិនទាន់មានសកម្មភាពផុសផុលនៅឡើយ ដោយអ្នកជំនាញមើលឃើញថា អ្នកវិនិយោគនៅរង់ចាំមើលស្ថានការណ៍ជាមុនសិន៕