ក្រុមហ៊ុនផលិតស្រាសូជូកូរ៉េធំមួយជ្រើសរើសខេត្តព្រះសីហនុជាទីតាំងឃ្លាំងស្តុកទំនិញសម្រាប់នាំចេញ

0

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ ក្រុមហ៊ុនកូរ៉េថ្មីមួយ ដែលបានចុះហត្ថលេខាជាមួយប្រទេសវៀតណាម លើគម្រោងរោងចក្រផលិតស្រាសូជូ ដែលមានសមត្ថភាពផលិតបាន១០០លានដបក្នុងមួយឆ្នាំ នឹងប្រើប្រាស់ទីតាំងឃ្លាំងស្តុកទំនិញ នៅក្នុងខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា មុននឹងធ្វើការនាំចេញទៅកាន់ទីផ្សារបរទេស។

នេះបើតាមប្រសាសន៍លើកឡើងរបស់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅក្នុងវេទិកា “សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី” នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។

រោងចក្រផលិតស្រាសូជូមួយនេះនឹងប្រើប្រាស់ឃ្លាំងស្តុកទំនិញ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ធ្វើជាទីតាំងស្តុកសំខាន់ មុននឹងធ្វើការចែកចាយទៅកាន់ទីផ្សារនានា។

លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា “គាត់ផលិតហើយ បើដាក់បញ្ចូលទៅកាន់ទីផ្សាររបស់គាត់ គាត់ត្រូវបង់ពន្ធ។ គាត់ខ្លាចថា១០០លានដប មិនអាចលក់ដាច់នៅក្នុងប្រទេសវៀតណាម ឬដាក់ចេញទៅក្រៅ មិនទាន់ ដូច្នេះគាត់ត្រូវប្រើប្រាស់ឃ្លាំងរបស់យើង ដើម្បីដឹកចេញទៅលក់លើទីផ្សារ តាមដំណាក់កាលរបស់គាត់”។

បើតាមលោកអភិបាលរងខេត្ត ឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះ ជាតំបន់សេដ្ឋកិច្ចតូចមួយ ដែលមានត្រឹមតែ៣រោងចក្រតែប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការលើកទឹកចិត្តពិសេស សម្រាប់ការវិនិយោគ នៅក្នុងតំបន់នេះ។

កន្លងមក ក្រុមហ៊ុន Aeon បានសម្រេចវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសមួយនេះផងដែរ ដែលនឹងត្រូវសាងសង់នៅលើផ្ទៃដី៣០.០០០ម៉ែត្រការ៉េ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ដោយគ្រោងដាក់ដំណើរការនៅឆ្នាំ២០២៣ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here