ដោយ៖ សហការី
ឡាវ៖ រដ្ឋាភិបាលឡាវកំពុងផ្តោតលើការអនុវត្តគម្រោងថាមពលវារីអគ្គិសនីនៅទូទាំងប្រទេស ដើម្បីបង្កើនការនាំចេញអគ្គិសនីរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ រួមទាំង ប្រទេសវៀតណាម និងកម្ពុជាផងដែរ។
ក្នុងនោះ ឡាវគ្រោងនាំចេញមកប្រទេសកម្ពុជាឱ្យបាន៦.០០០មេហ្កាវ៉ាត់ ក្នុងឆ្នាំ២០៣០ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានវៀតណាម Vietnamplus កាលពីចុងសប្តាហ៍កន្លងមក។
បច្ចុប្បន្ននេះ ឡាវបាននាំចេញថាមពលអគ្គិសនីរបស់ខ្លួនមកប្រទេសកម្ពុជា ដែលមានសមត្ថភាពប្រមាណចំនួន៤៤៥ មេហ្កាវ៉ាត់ តែប៉ុណ្ណោះ។
ប្រទេសឡាវក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Vietnam Electricity (EVN) ដែលគ្របដណ្តប់លើគម្រោងចំនួន២៥ ដែលមានថាមពលសរុប២.១៨០MW។
ជាមួយនឹងសមត្ថភាពបង្គួរ១.៦០៨MWនៅសល់ គ្រោងនឹងដាក់ឱ្យដំណើរការ និងផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រទេសវៀតណាមចាប់ពីឆ្នាំ២០២២-២០២៥។
ប្រទេសទាំងពីរក៏បានឈានដល់អនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងផ្សេងទៀត ដោយជួយជំរុញទិន្នផលអគ្គិសនីសរុប ដែលរំពឹងថា នឹងនាំចេញពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាម ដល់ ៨.១៤៨មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០។
ក្រៅពីប្រទេសវៀតណាម ឡាវក៏បាននាំចេញថាមពលអគ្គិសនីមកកម្ពុជាផងដែរ ដែលមានបរិមាណ៤៤៥មេហ្គាវ៉ាត់ ដែលគ្រោងនឹងកើនឡើងដល់ ៦.០០០មេហ្គាវ៉ាត់នៅឆ្នាំ២០៣០។
ប្រទេសចិន ថៃ និងសិង្ហបុរី ក៏នាំចូលថាមពលអគ្គិសនីពីឡាវដូចកម្ពុជា និងវៀតណាមផងដែរ៕