ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនបានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងសាធារណៈការ លោកស៊ុន ចាន់ថុលពន្លឿនការចចាជាមួយភាគីកូរ៉េ ដើម្បីពន្លឿនការជួសជុលនិងពង្រីកផ្លូវជាតិលេខ2។
ក្នុងដំណើរតាមរថយន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិតជាង២ម៉ឺននាក់នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៧ វិច្ឆិកានេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពន្លឿនការចចាជាមួយប្រទេសកូរ៉េខាងត្បូង ដើម្បី ពន្លឿនការពង្រីកផ្លូវជាតិលេខ២ ដែលជាផ្លូវសំខាន់មួយតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ស្រុកគិរីវង្ស ខេត្តតាកែវជាប់ព្រំប្រទល់ប្រទេសវៀតណាម។ សម្តេចតេជោបានសម្តែងការងឿងឆ្ងល់ និងមិនសប្បាយចិត្ត ចំពោះភាពយឺតយ៉ាវនៃការសាងសង់ផ្លូវជាតិលេខ២នេះ។








