រដ្ឋាភិបាលថៃអនុម័តទុនវិនិយោគ៩,៦ពាន់លានដុល្លារសម្រាប់អភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចភាគខាងកើត

0

ដោយៈ សុខុម

បាងកក: ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា បានអនុម័តទុនវិនិយោគ៣៣៨ពាន់លានបាត (៩,៦៤ពាន់លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍ ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ខ្លួនក្នុងរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៣ទៅ។

មន្ត្រីរដ្ឋាភិបាលថៃ មួយរូបនិយាយថា គម្រោងវិនិយោគនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់ប្រទេស។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) នេះនឹងគ្របដណ្តប់លើគម្រោងរហូតដល់ទៅ៧៧ ដែលភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទឹកភ្លើង ហើយវានឹងជួយបង្កើតឱកាសការងារថ្មី ដល់ទៅប្រមាណ២០.០០០កន្លែង។

អ្នកនាំពាក្យដដែលបានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលនឹងវិនិយោគលើគម្រោងចំនួន៦១ ក្នុងទំហំទឹកប្រាក់១៧៨,៦ពាន់លានបាត (៥,០៩ពាន់លានដុល្លារ) ហើយសល់ប៉ុន្មានទុកវិនិយោគ លើគម្រោងនានាដែលជាការចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន។

ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឬEEC ដែលគ្របដណ្ដប់ខេត្តចំនួន៣ នៅភាគខាងកើតទីក្រុងបាងកក គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជំរុញការវិនិយោគ ជាពិសេសការវិនិយោគ លើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here