ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោកចម ប្រសិទ្ឋបានស្នើឲ្យនាយកគ្រប់គ្រងក្រុមហ៊ុន Hitachi បង្កើតរោងចក្រផលិតផលិតផលនេះនៅកម្ពុជា ដើម្បីលក់នៅកម្ពុជា និងអាចនាំចេញដោយរួចពន្ឋផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Hitoshi Ito នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Hitachi Co,Ltd នៅទីស្តីការក្រសួង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកលោកចម ប្រសិទ្ឋបានមានប្រសាសន៍ថា ក្រុមហ៊ុន Hitachi Co,Ltd គឺជាក្រុមហ៊ុនមានឈ្មោះល្បីរបស់ជប៉ុន ដោយផលិតនូវផលិតផលប្រកបដោយគុណភាព ដូចជាគ្រឿងអេឡិចត្រូនិក និងអគ្គិសនីជាដើម ដូច្នេះដើម្បីឲ្យផលិតផលនេះមានវត្តមាននៅទីផ្សារកម្ពុជា កាន់តែទូលំទូលាយ ក្រុមហ៊ុនគួរបង្កើតជាកម្មវិធីតាំងពិព័រណ៌ ឬបង្កើតជាបន្ទប់តាំងបង្ហាញផ្សេងៗ ដើម្បីជម្រុញការធ្វើចរាចរផលិតផលនេះឲ្យកាន់តែប្រសើរ។
លោកបន្តថា ដើម្បីឲ្យផលិតផល Hitachi មានស្ថិរភាពក្នុងទីផ្សារនៅកម្ពុជា ក្រុមហ៊ុនគួរបង្កើតរោងចក្រផលិត ឧបករណ៍ម៉ាកHitachiនៅកម្ពុជាតែម្តង ព្រោះក្រោយពីផលិតរួចផលិតផលនេះ មិនត្រឹមតែសម្រាប់លក់ក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ក្រុមហ៊ុនអាចនាំផលិតផលរបស់ខ្លួន លក់ចេញទៅផ្សារក្រៅប្រទេសបាន ដោយរួចពន្ធក្នុងការនាំចេញផងដែរ។
កន្លងមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយការិយាល័យប្រកាសនីយ៍បត្រតក្កកម្មជប៉ុនរួចហើយ ដែលការចុះអនុស្សរណនេះធ្វើឡើងក្នុងបំណងធ្វើកិច្ចប្រតិបត្តិការ ចុះបញ្ជីការពារនូវសុពលភាពប្រកាសនីយបត្រតក្កកម្មជប៉ុននៅកម្ពុជា ដែលជាឧបករណ៍ផ្លូវច្បាប់មួយក្នុងកិច្ចការពារលួចចម្លងស្នាដៃ និងការច្នៃប្រឌិតថ្មីរបស់តក្កករ ដែលជាម្ចាស់នៃអ្នករកឃើញបច្ចេកវិទ្យាអ្វីមួយ។
លោក Hitoshi Ito នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Hitachi Co,Ltd បានមានប្រសាសន៍ថាក្រុមហ៊ុននឹងធ្វើការពិនិត្យពិចារណា ស្របពេលដែលបរិយាកាសវិនិយោគ និងសក្តានុពលរបស់កម្ពុជា កាន់តែមានលក្ខណៈអំណោយផលល្អប្រសើរ។ ជាមួយគ្នានេះលោកក៏បានបង្ហាញនូវការភ្ញាក់ផ្អើល ចំពោះការវិវឌ្ឍន៍រីកចម្រើនយ៉ាងរហ័សនៃសេដ្ឋកិច្ច និងកំរិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
តាមរយៈនេះលោកមានក្តីសង្ឃឹមយ៉ាងមុតមាំ ក្នុងការទទួលបានភាពគាំទ្របន្ថែមទៀតលើទីផ្សាកម្ពុជា ចំពោះផលិតផលម៉ាក Hitachi៕