រដ្ឋាភិបាលចិនប្តេជ្ញាដាក់ចេញនូវគោលនយោបាយទាន់ពេលវេលាដើម្បីជំនះនឹងហានិភ័យសេដ្ឋកិច្ច

0

ដោយ៖ លាងហួរ

ប៉េកាំង៖ មន្ត្រីរៀបចំផែនការរដ្ឋ បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសចិននឹងដាក់ចេញគោលនយោបាយឱ្យទាន់ពេលវេលា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចបន្ថែមទៀត  ដោយសារវិបត្តិជំងឺកូវីដ១៩ និងហានិភ័យពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កការគំរាមកំហែងដល់ការងារ និងស្ថិរភាពតម្លៃ។

សេដ្ឋកិច្ចប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំទី២ក្នុងពិភពលោក កំពុងចាប់ផ្តើមងើបឡើងវិញនៅក្នុងខែមេសា ប៉ុន្តែនៅដើមខែឧសភាសេដ្ឋកិច្ចចិនស្រាប់តែត្រូវបានបង្អាក់។

ទិន្នន័យថ្មីៗនេះ បានបង្ហាញថា ប្រទេសចិនកំពុងប្រឈមនឹងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ  ការចំណាយរបស់អ្នកប្រើប្រាស់មានកម្រិតតិចតួច និងហានិភ័យនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩កាន់តែច្រើន​។

លោក អ៊ូ ហុង អគ្គលេខាធិការរងនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលនឹងអនុវត្តវិធានការគាំទ្រ ដែលមានស្រាប់របស់ខ្លួន និងកែលម្អគោលនយោបាយរបស់ខ្លួន។

លោកបានមានប្រសាសន៍ថា ការគាំទ្រគោលនយោបាយថ្មី អាស្រ័យលើកាលៈទេសៈ និងអាចដាក់ឱ្យដំណើរការបានទាន់ពេល។ យើងមានទំនុកចិត្តយ៉ាងពេញទំហឹង ក្នុងការយកឈ្នះលើបញ្ហាប្រឈមដ៏លំបាកក្នុងវិបត្តិសេដ្ឋកិច្ច ហើយយើងមានសមត្ថភាពក្នុងការទប់ទល់នឹងការផ្លាស់ប្តូរគ្រប់ប្រភេទ ដែលមិនរំពឹងទុក ដើម្បីធានាបាននូវស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

លោក អ៊ូ ហុង បានទទួលស្គាល់ថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចាប់តាំងពីខែមីនា បានគម្រាមកំហែងដល់សេដ្ឋកិច្ចចិន និងជំរុញឱ្យមានអត្រាភាពអត់ការងារធ្វើ និងអតិផរណាហក់ឡើងខ្ពស់។

លោក Yi Gang ទេសាភិបាលធនាគារកណ្តាលចិន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា គោលនយោបាយរូបិយវត្ថុរបស់ប្រទេសចិននឹងបន្តមានលក្ខណៈសមស្រប ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here