ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines បើកជើងហោះហើរថ្មី ភ្ជាប់ពីភ្នំពេញ ទៅកាន់ទីក្រុងសេអ៊ូល។
នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់អាកាសចរណ៍កម្ពុជា ចេញផ្សាយកាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឱ្យដឹងថា ក្រុមហ៊ុន Sky Angkor Airlines បានចាប់ផ្តើមបើកដំណើរការ ជើងហោះហើរថ្មី រវាងទីក្រុងភ្នំពេញ និងទីក្រុងអ៊ីនឈុន (សេអ៊ូល) ដោយជោគជ័យ។
ក្រុមហ៊ុននេះគ្រោងដំណើរការជើងហោះហើរត្រូវបានកំណត់ជារៀងរាល់ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។
យោងតាមទិន្នន័យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យដឹងថា គិតមកដល់បំណាច់ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ចំនួន២២ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជាង៥០% ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា។
ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិមួយចំនួន បានតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញ ជាពិសេសលើកំណាត់ផ្លូវហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សឹង្ហបុរី-ភ្នំពេញ បើធៀបទៅនឹងឆ្នាំ២០១៩ ដែលពេលនោះមានចំនួន៤៣ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ ដោយមិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរជាលក្ខណៈCharter។
បច្ចុប្បន្ននេះ កម្ពុជាទទួលបានអ្នកដំណើរតិចជាងឆ្នាំ២០១៩ ចំនួន៨៨% ឬស្មើ២០% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នា។ ចំនួនជើងហោះហើរមានតិចជាងឆ្នាំ២០១៩ ចំនួន៦២% ឬស្មើ២៤% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំនេះ។ ចំនួនជើងហោះហើរឆ្លងកាត់មានចំនួន៤៦% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នា ចំនួនទំនិញមានចំនួន៣៤% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នា។
បច្ចុប្បន្ននេះ កម្ពុជាមានជើងហោះហើរចំនួន៤ជើងក្នុងមួយសប្តាហ៍ ក្នុងនោះកម្ពុជាមាន២ជើង និងចិន២ជើង ដែលបានតំឡើងជើងហោះហើរតាំងពីដើមខែមិថុនាមកម្ល៉េះ។ មកទល់ពេលនេះកម្ពុជា និងចិន ក៏បានកំពុងចរចាគ្នាក្នុងការបង្កើនជើងហោះហើរឱ្យបានចំនួន៦ជើង (កម្ពុជា៣ជើង និង ចិន៣ជើង) ក្នុងមួយសប្តាហ៍សម្រាប់ពេលឆាប់ៗខាងមុខនេះ៕