ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានបង្ហាញគំរោងអភិវឌ្ឍន៍ខុនដូ ដ៏ធំមួយនៅទីក្រុងភ្នំពេញ តាមរយៈផេកផ្លូវការរបស់លោក។
លោកបានសរសេរឆ្លើយឆ្លង ជាមួយអ្នកសាកសួរព៌តមានពីគំរោងអភិវឌ្ឍ៍នេះថា គំរោងនេះប្រហែលពីរឆ្នាំទៀត(អាចចេញគំរោង)។
គំរោងនេះ ត្រូវបានលោកដាក់ឈ្មោះ លោកជំទាវគង់ សំណាង ដែលជាភរិយាជាទីស្រលាញ់របស់លោក គឺVimean Samnang Town។
ជាមួយគ្នានេះ លោកបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយសហស្ថាបនិកគេហទំព័រPropertyarea.asiaកាលពីពេលថ្មីៗនេះថា លោកនឹងអភិវឌ្ឍន៍គំរោងខុនដូតម្លៃសមរម្យ នៅពេលវេលាស័ក្តិសមមកដល់ ដែលលោកជឿជាក់ថា លោកអាចលក់បាន១០០០យូនីតក្នុងរយៈពេល១ឆ្នាំ។
ជាអតីតនិស្សិតស្នាក់នៅវត្តមហាមន្រ្តី លោកបណ្ឌិតគីម ហ៊ាងបានតស៊ូក្នុងជីវិតសិក្សារៀនសូត្រ រហូតក្លាយជាសាស្រ្តាចារ្យម្នាក់ បង្រៀននៅតាមសាកលវិទ្យាល័យនានា មុនពេលលោកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលគិតមកទល់ពេលនេះ មានរយៈពេល១៨ឆ្នាំមកហើយ។
លោកបានប្រែក្លាយពីភ្នាក់ងារលក់ដីធ្លីធម្មតាម្នាក់ រហូតអាចបើកក្រុមហ៊ុនដោយខ្លួនឯង និងប្រែក្លាយពីក្រុមហ៊ុនផ្តល់សេវាកម្ម ទាក់ទងការទិញលក់អចលនទ្រព្យ ពិសេសដីធ្លី រហូតក្លាយជាអ្នកអភិវឌ្ឍន៍ជោគជ័យមួយរូប។
បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងកំពុងអភិវឌ្ឍបុរីKS Resident ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល និងកំពុងសាងសង់បុរីវិមានសំណាង ដែលជាបុរីធំមួយផ្តោតលើអតិថិជនជាក្រុមអភិជន ដែលបុរីនេះស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីប្រមាណ២០០០ម៉ែត្រ៕