ដោយៈគង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា កម្ពុជានឹងសម្រេចបានកំនើនផលទុនជាតិសរុប ក្នុងចចន្លោះពី២ ទៅ៣,២ភាគរយ ពីការចូលជាសមាជិកអំពីកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។
តាមការព្យាករពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ាននិងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា ដោយឡែកអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ គឺកំណើននាំចេញចន្លោះពី៩,៤% ទៅ ១៨% កំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី២% ទៅ៣,៨%, កំនើនការងារពី៣,២% ទៅ៦,២% និងកំណើនចំណូលពន្ធចន្លោះពី២% ទៅ ៣,៩%
នេះបើយោងកិច្ចព្រមព្រៀងនេះ ផ្តល់នូវភាពអនុគ្រោះខ្ពស់លើសមាសធាតុតម្លៃតំបន់ដែលត្រូវអនុវត្តជាទូទៅ(ធំជាងឬស្មើ៤០%—RVC≥40%) និងវិធានបូកបន្ថែមក្នុងតំបន់ ដែលកម្ពុជាអាចប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានប្រភពពីប្រទេសសមាជិកអាសិបដទៃទៀត ក្នុងការផលិតនូវផលិតផលរបស់កម្ពុជា ហើយនៅតែរក្សាបាននូវដើមកំណើតទំនិញកម្ពុជាដើម្បីទទួលបានភាពអនុគ្រោះពន្ធ។
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយ ស្តីពីការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងមានការចូលរួមពីវិស័យឯកជនតាមវិស័យដែលពាក់ព័ន្ធ។
លោកបានលើកឡើងបន្តថា កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួមជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)។
ប្រភពពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីនេះជាបន្តបន្ទាប់ ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រះសីហនុ និងស្វាយរៀង, ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។ លើសពីនេះ ទិសដៅទៅថ្ងៃអនាគត វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ រួមសហការជាមួយនាយកដ្ឋាននាំចេញ-នាំចូល នឹងបន្តរៀបចំសិក្ខាសាលាជាស៊េរីបែបនេះ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត តាមការចាំបាច់ ដើម្បីធានាបរិយាប័ន្ន និងនិរន្តរភាពនៃការអនុវត្តវិធាននេះ៕