ដោយៈ សុខុម
សឹង្ហបុរី: ទោះបីជាទំនុកចិត្តរបស់ពិភពលោក លើប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានធ្លាក់ចុះពីមួយឆ្នាំមុនក្ដី ក៏ប្រទេសភាគច្រើនដែលត្រូវបានស្ទង់មតិ នៅតែមានទំនុកចិត្តលើលោកច្រើនជាង មេដឹកនាំចិន លោកស៊ី ជីនភីង។ នេះបើយោងតាមការសិក្សាអន្តរជាតិមួយដែលបានចុះផ្សាយកាលពីខែមិថុនា។
ការសិក្សាដាច់ដោយឡែកមួយក៏បានបង្ហាញដែរថា ពលរដ្ឋភាគច្រើននៅអាស៊ីអាគ្នេយ៍ ចង់ឱ្យអាស៊ានអនុវត្តន៍គោលនយោបាយ ឱ្យស្របទៅនឹងសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា។
ក្នុងចំណោមអ្នកឆ្លើយសំណួរមកពី១៨ប្រទេស នៅលោកខាងលិច និងអាស៊ី ដែលត្រូវបានស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Centre មានមូលដ្ឋាននៅវ៉ាស៊ីនតោន គឺមានតែ២ប៉ុណ្ណោះ ពោលគឺសឹង្ហបុរី និងម៉ាឡេស៊ី ដែលបានបង្ហាញការជឿជាក់ លើមេដឹកនាំចិនលោកស៊ី ជីនភីង ខ្លាំងជាងលោកចូ បៃឌិន។
នៅពេលសួរថា តើពួកគេមានទំនុកចិត្តថា មេដឹកនាំទាំងនេះធ្វើត្រឹមត្រូវដែរ ឬយ៉ាងណាទាក់ទងនឹងកិច្ចការពិភពលោក ជាមធ្យម៦០%បាននិយាយថា ពួកគេមានទំនុកចិត្តខ្លះ ឬច្រើនលើលោកចូ បៃឌិន បើធៀបនឹង១៨% សម្រាប់លោកស៊ី ជីនភីងប្រធានាធិបតីចិន។
ទំនុកចិត្តលើប្រធានាធិបតីអាមេរិក រូបនេះគឺខ្ពស់បំផុតនៅប្រទេសប៉ូឡូញ (៨២%) និងប្រទេសស៊ុយអែត (៧៤%) បើធៀបនឹង១១% (ប៉ូឡូញ) និង១៣% (ស៊ុយអែត) សម្រាប់លោកស៊ី ជីនភីង។
បណ្ដាប្រទេសនៅអាស៊ី ដែលត្រូវបានស្ទង់មតិ រួមមាន កូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តយូរមកហើយរបស់សហរដ្ឋអាមេរិក បានបង្ហាញការជឿទុកចិត្តច្រើន លើសលប់លើលោក ចូ បៃឌិន ច្រើនជាងលោក ស៊ី ជីនភីង។
ប្រហែល៧០%នៃប្រជាជនកូរ៉េខាងត្បូង បានបង្ហាញពីទំនុកចិត្តលើលោកចូ បៃឌិន បើធៀបនឹង១២% សម្រាប់លោក ស៊ី ជីនភីង ខណៈអ្នកឆ្លើយជនជាតិជប៉ុន៦២% មានទំនុកចិត្តលើលោក ចូ បៃឌិន បើធៀបនឹង៩%សម្រាប់មេដឹកនាំចិន។
ទំនុកចិត្តលើលោក ចូ បៃឌិន បានធ្លាក់ចុះធៀបនឹងឆ្នាំមុន ដោយធ្លាក់ចុះ២០% ឬច្រើនជាងនេះនៅ អ៉ីតាលី សឹង្ហបុរី និងបារាំង។
ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល Pew Research Centre និយាយថា បញ្ហាមួយដែលប៉ះពាល់ដល់ទស្សនៈអន្តរជាតិ ទៅលើលោក ចូ បៃឌិន អាចមកពីសហរដ្ឋអាមេរិក ដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១។
ជាមធ្យម៥៧% នៅតាមបណ្តាប្រទេសចំនួន១៧ ដែលត្រូវបានស្ទង់មតិ ដោយមិនរាប់បញ្ចូលសហរដ្ឋអាមេរិក បាននិយាយថា ការដកទ័ពចេញនោះធ្វើឡើងដោយគ្មានការដោះស្រាយបានល្អ។
អ្នកស្រាវជ្រាវទាំងនេះនិយាយថា ទំនុកចិត្តលើមេដឹកនាំចិន ស៊ី ជីនភីង នៅដដែលប្រហាក់ប្រហែលនឹងឆ្នាំមុន។
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី លេចធ្លោជាងគេក្នុងចំណោមប្រទេសទាំង១៨ ដែលត្រូវបានស្ទង់មតិសម្រាប់អ្នកឆ្លើយសំណួរ មានទំនុកចិត្តលើប្រធានាធិបតីចិន ខ្ពស់ជាងមេដឹកនាំអាមេរិក។
ប្រហែល៦៩%នៅក្នុងប្រទេសសិង្ហបុរី និង៦២%នៅក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា ពួកគេមានទំនុកចិត្តខ្លះ ឬច្រើនលើលោកស៊ី ជីនភីង បើធៀបនឹង៤៨% (សិង្ហបុរី) និង៥៣% (ម៉ាឡេស៊ី) សម្រាប់លោក ចូ បៃឌិន។
ទន្ទឹមនេះ ការស្ទង់មតិក៏បានរកឃើញដែរថា មានតែ៩%ប៉ុណ្ណោះនៅទាំង១៨ប្រទេស បានបង្ហាញការជឿទុកចិត្ត លើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ពោលគឺទាបជាគេបំផុត៕ The Straits Times៕