គម្រោង Port EDI តម្លៃ ១២លានដុល្លារ ក្រោមជំនួយបច្ចេកទេសរបស់ជប៉ុននឹងដាក់ដំណើរការនៅខែសីហា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) នឹងដាក់ឲ្យដំណើរការនៅខែសីហាខាងមុខនេះ។

នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា នៃគម្រោង Port EDI បានដឹកនាំកិច្ចពិភាក្សាការងារ ជាមួយក្រុមការងារ​របស់ទីភ្នាក់ងារ​ JICA ដែលដឹកនាំដោយលោក Viboon Chaojirapant ប្រធានចាត់ការទូទៅ នៃក្រុមហ៊ុន GUUD​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Positron ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា​ និងទំនាក់ទំនងសាធារណៈ​ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក​ ផ្លូវសមុទ្រ​ និងកំពង់ផែ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើការងារគ្រប់គ្រង ថែទាំ និងការធានាលើសម្ភារ និងប្រព័ន្ធបច្ចេកវិទ្យា នៃគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)។

កិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់លើលក្ខខណ្ឌ និងពេលវេលា នៃការធានា ការគ្រប់គ្រង និងការធ្វើបច្ចុប្បន្នភាពទាំងឧបករណ៍ និងប្រព័ន្ធប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដើម្បីធានាបានដំណើរការការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងដោះស្រាយបញ្ហា ដែលកើតមានឱ្យបានទាន់ពេលវេលា មុននឹងដាក់ដំណើរការនៅអំឡុងខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

គម្រោងផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ស្ថិតនៅក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលមានទឹកប្រាក់សរុបប្រមាណ១២លានដុល្លារអាមេរិក។

ប្រព័ន្ធបច្ចេកវិទ្យានេះ នឹងជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសជួយបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here