កម្ពុជា អាមេរិកស្វែងរកកិច្ចសហប្រតិបត្តិការលើប្រព័ន្ឋដឹកជញ្ជូន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដឹកនាំដោយ លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី ជួបពិភាក្សាការងារជាមួយក្រុមជំនាញរបស់ក្រសួងដឹកជញ្ជូន(DOT) សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូពីចម្ងាយ។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក (DOT) តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយភាគីសហរដ្ឋអាមេរិក រួមមាន៖ លោក Jiga Phat មន្រ្តីកិច្ចការអាស៊ាននៃស្ថានទូតអាមេរិក មន្រ្តីជំនាញទំនាក់ទំនងអន្តរជាតិ និងមន្រ្តីវិភាគបច្ចេកវិទ្យាគោលនយបាយប្រព័ន្ធដឹកជញ្ជូន នៃការិយាល័យដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្មនៃក្រសួងដឹកជញ្ជូនអាមេរិក មន្រ្តីកិច្ចការអាស៊ាន មន្រ្តីសេដ្ឋកិច្ច និងពាណិ​ជ្ជ​កម្ម នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើកិច្ចសហការ និងការសម្របសម្រួលក្នុងការកំណត់ប្រធានបទគន្លឹះជា អាទិភាព (Priority Area)រួមមាន៖ ការកាត់បន្ថយបម្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការតំបន់ ជាដើម សម្រាប់ជាកាលានុវត្តភាព ក្នុងកិច្ចសហប្រតិបត្តិការខាងបច្ចេកទេស លើវិស័យដឹកជញ្ជូន រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។

លោក Jiga Phat បានបញ្ជាក់ពីការគាំទ្រលើការសម្របសម្រួល និងរៀបចំកិច្ចប្រជុំ របស់ស្ថានទូតអាមេរិកនៅភ្នំពេញនៅពេលនេះ និងនាពេលខាងមុខ។

ជាការឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ពិសេសដល់ស្ថានទូតអាមេរិកដែលបានគាំទ្រ សម្របសម្រួលរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង និងបានអញ្ជើញមន្រ្តី ជំនាញពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបពិភាក្សាការងារជាមួ​យមន្រ្តីពីនាយក ដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។

អង្គប្រជុំបានស្តាប់នូវបទបង្ហាញ របស់ក្រសួងដឹកជញ្ជូនអាមេរិក ដែលផ្តោតជាសំខាន់លើការធ្វើផែនការ ការគូសរចនាប្លង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ(ផែនការហិរញ្ញវត្ថុ ប្រតិបត្តិការថែរទាំ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង) ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ (យានយន្តបំភាយឧស្ម័នសូន្យ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពធន់អាចទទួលបាន និងប៉ះពាល់តិចតួច) សុវត្ថិភាព (ចរាចរណ៍ផ្លូវគោក សុវត្ថិភាពផ្លូវអាកាស បច្ចេកវិទ្យាសុវត្ថិភាពថ្មី) អភិបាលកិច្ច និងតម្លាភាព ការតភ្ជាប់ពហុប្រភេទដឹកជញ្ជូន (មជ្ឈមណ្ឌលភស្តុភារកម្ម ) ស្តង់ដារ និងបទប្បញ្ញត្តិ របៀងតំបន់ ការឆ្លងកាត់ព្រំដែន និងកិច្ចសម្រួលពាណិជ្ជកម្ម យេនឌ័រ បរិយាប័ន្នសង្គម និងសមភាព និងការជំរុញបច្ចេកវិទ្យា។

លោកជំទាវបានស្នើឱ្យDOT និងអង្គប្រជុំពិចារណាលើការកំណត់ប្រធានបទជាអាទិភាពគន្លឹះមួយ ចំនួនដូចជាៈ ការកសាងសមត្ថភាព គ្រឿងឧបករណ៍ត្រួតពិនិត្យគុណភាព ភាពធន់នឹងអាកាសធាតុ ការធ្វើផែន​ការលើមូលដ្ឋានលទ្ធផលអនុវត្ត អភិបាលកិច្ច ការឆ្លងកាត់ព្រំដែន សុវត្ថិភាព យេនឌ័រ បរិយាប័ន្នសង្គម និងសមភាព ការតភ្ជាប់ពហុប្រភេទដឹកជញ្ជូន និងការដឹកជញ្ជូនដោយនិរន្តរភាព និងបានស្នើឱ្យDOTពិចារណាផងដែរលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលទើបបង្កើតថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here