ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ 2018 នេះហើយ ព្រោះការងារបច្ចេកទេសដើម្បីចាប់ផ្តើមសាងសង់ផ្លូវនេះបានបញ្ចប់ហើយ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃ 17 ខែវិច្ឆិកា នេះថា តាមគម្រោងការសាងសង់ផ្លូវនេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ 2018 ខាងមុខនេះ ព្រោះក្រុមការងារបច្ចេកទេសបានបញ្ចប់ការងាររបស់ខ្លួនហើយ រង់ចាំតែពេលវេលាបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ លោកបន្តថា ផ្លូវប្រវែង 196 គីឡូម៉ែត្រនេះ គ្រោងនឹងចំណាយថវិកាសាងសង់ចំនួន 1900 លានដុល្លារអាមេរិក។ ផ្លូវនេះជាប្រភេទផ្លូវល្បឿនលឿន ដែលមានគន្លងរថយន្តអាចបើកបរពីរខ្សែ ទាំងទៅទាំងមក។
លោកបន្តថា “ទោះជាយ៉ាងណាការដោះស្រាយផលប៉ះពាល់ពីគំរោងនេះ មិនទាន់ចប់នោះទេ ព្រោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងចចារការងារនេះជាមួយក្រុមហ៊ុនចិននៅឡើយ” ។ លោកបន្តថា “បច្ចុប្បន្នផ្លូវជាតិលេខ 4 ចង្អៀតហើយ ហេតុនេះការវិនិយោគលើផ្លូវនេះពិតជាដំណោះស្រាយដ៏ល្អ សម្រាប់សម្រួលការដឹកជញ្ជូន កាត់បន្ថយពេលវេលាលើការធ្វើដំណើរ និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន”។
លោកបន្តថា “ខេត្តព្រះសីហនុជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិ ហេតុនេះការសាងសង់ផ្លូវនេះនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ”។ លោក សូរិយា បានបន្តថា នៅពេលផ្លូវនេះសាងសង់ចប់ នឹងមិនមានចំណុចឆ្លងកាត់ច្រើននោះទេ ហើយម៉ូតូតូចៗមិនអាចបើកបរបានឡើយ ពិសេសនឹងមានការបិទរបង ដែលមិនអាចឲ្យសត្វពាហនឆ្លងកាត់បានឡើយ” ។ លោកបន្តថា ផ្លូវនេះស្ថិតនៅភាគខាងជើងនៃផ្លូវជាតិលេខ 4 បច្ចុប្បន្ននេះ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យដឹងលំអិតនោះទេ។
ពាក់ព័ន្ឋការដឹកជញ្ជូននៅកម្ពុជា មានតំលៃថ្លែជាងបណ្តាប្រទេសក្នុងតំបន់ លោក វ៉ា ស៊ីមសូរិយា បានថ្លែងថា វាមានកត្តាជាច្រើន ដែលធ្វើឲ្យតំលៃដឹកជញ្ជូននៅកម្ពុជាថ្លៃជាងប្រទេសជិតខាង ដូចជា ការវិនិយោគការនាំចូលទំនិញ តម្លៃប្រេងថ្លៃ និងនិតិវិធីធ្វើការងារនៅកម្ពុជាមានលក្ខណៈស្មុគ្រស្មាញច្រើន។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ពន្ឋជារឿងចាំបាច់ណាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះប្រសិនជាចង់ឲ្យសេដ្ឋកិច្ចយើងរីកចម្រើនបន្ថែមទៀត យើងត្រូវបន្តវិនិយោគលើហេដ្ឋារចនាសម្ពន្ឋ ដែលរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំប្រឹកប្រែង ប៉ុន្តែទាមទារឲ្យមានការបង្កើនល្បឿនវិនិយោគបន្ថែមទៀត។
លោកបន្តថា “ប្រសិនជាមិនវិនិយោគលើហេដ្ឋារចនាសម្ពន្ឋ សេដ្ឋកិច្ចរបស់យើងនៅតែប៉ុណ្ណឹង ដូច្នេះ ដើម្បីសេដ្ឋកិច្ចយើងរីកចម្រើន និងឈានទៅដំណាក់កាលថ្មី ការវិនិយោគលើហេដ្ឋារចនាសម្ពន្ឋជារឿងមិនអាចខ្វះបាន” ៕
[…] អានបន្ត៖ https://dailypostjob.com/ […]
[…] ប្រភពពី៖ https://dailypostjob.com/ […]