ក្រុង​សៀមរាប នឹងមាន​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី បន្ទាប់ពី​ក្រសួង​វិនិយោគ១៥លានដុល្លារ​ដើម្បី​ស្ថាបនា​ជួសជុល

0

ដោយ វុត្ថា

ភ្នំពេញ៖ ដំណឹង​ល្អ​សម្រាប់​ក្រុង​សៀមរាប ដែល​នឹងមាន​ផ្លូវ​ស្អាត​ទាំងអស់​នៅក្នុង​ក្រុង បន្ទាប់ពី​មានការ​រិះគន់​ពី​វិស័យ​ឯកជន ទាក់ទង​នឹង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​ទីក្រុង​ដ៏​ល្បី​នេះ មាន​សភាព​ទ្រុឌទ្រោម​និង​តំបន់​ខ្លះ​ជា​ផ្លូវដី ដែល​គ្មាន​ការ​ថែ​រទាំ​ពី​អាជ្ញាធរ​ក្រុង​និង​ក្រសួង​សាធារណៈការ។

ឆ្លើយតប​បញ្ហា​នេះ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គ្រោង​ចំណាយ​ថវិកាប្រមាណ១៥លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួសជុល​ផ្លូវ​ខ្នែង​ចំនួន៥២ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ៦ និង​ផ្លូវ១១ខ្សែ នៅក្នុង​ខេត្តសៀមរាប ហើយនឹង​ត្រូវ​សាងសង់​ក្នុងពេលឆាប់ៗ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់ ខេត្ត​មួយ​នេះ ឱ្យ​ស័​ក្កិ​សមជា​ខេត្ត​ទេសចរណ៍​មួយ​យ៉ាងសំខាន់។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប​កាលពី៦ ខែវិច្ឆិកា​កន្លងមក​ថា កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិភាក្សា​រក​នីតិវិធី​ក្នុង​ការស្តារ​ផ្លូវថ្នល់​ដែល​ខូចខាត​ទ្រុឌទ្រោម​ដោយ​កត្តាផ្សេងៗ ពិសេស​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សំដៅ​ធានា​ឱ្យ​ការគ្រប់គ្រង​ផ្លូវថ្នល់​មាន ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​កំណើនប្រជាជន កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅក្នុង​ខេត្ត​នេះ។

លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​មន្ទីរ និង​ភាគី​ពាក់ព័ន្ធ​កែសម្រួល​នីតិវិធី​ជួសជុល​ផ្លូវ ដើម្បី​ស្តារ កសាង និង​ជួសជុល​ថែទាំ​បណ្តាញ​ផ្លូវថ្នល់​នានា​ឱ្យបាន​ល្អ​ជាង​មុន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត និង​បាន​សំណូមពរ​ឱ្យធ្វើ​របាយការណ៍​រួមមួយ​ដាក់ជូន​រាជរដ្ឋាភិបាល​ស្នើសុំ​ថវិកា ប្រមាណ១៥លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើ ម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន៥២ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ៦ និង​ផ្លូវ១១ខ្សែ​ទៀត​ក្នុង​ខេត្តសៀមរាប ឱ្យបាន​ឆាប់​តាម​ដែល​ធ្វើទៅបាន។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​គម្រោង​ដាក់ឱ្យ​ដំណើរការ Road Care App នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ទាំងឡាយ​នៃ​ផែនការ១០០ថ្ងៃ នៅក្នុង​អាណត្តិ​ទី៦នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ប្រជាពលរដ្ឋ​អាច​ទាញយក​កម្មវិធី​នេះ​ថត​យក​រូបភាព ផ្លូវ​ខូច​ឬ​ជង្ហុក​សំបុកមាន់ ហើយ​បញ្ជូន​រូបភាព​នោះ​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បន្ទាប់មក​តាម​រយៈ​រូបភាព​នោះ មន្ត្រី​ពាក់ព័ន្ធ​អាច​ដឹង​ពី​ទីតាំង​ពិតប្រាកដ ហើយ​ធ្វើការ​ជួសជុល បាន​ទាន់ពេលវេលា ដើម្បី​បង្ការ​កុំឱ្យ​ខូច​រាលដាល​កាន់តែ​ធំ។

ជាមួយគ្នានេះ​ផងដែរ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់ ការដឹកជញ្ជូន​លើស​ទម្ងន់​ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឯកភាព​ដាក់បញ្ចូល​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជា សមាជិក​គណៈកម្មាធិកា​រដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​បានផ្តល់​ជញ្ជីង​ចល័ត​ចំនួន​ពីរ​គ្រឿង ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ខេត្តសៀមរាប​ឱ្យមាន​ការរីកចម្រើន​ផងដែរ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​នេះ ឱ្យ​ស័ក្តិ​សមជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​មួយ​យ៉ាងសំខាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here