NATO ប្រកាសជាលើកដំបូងថា មហាយក្សចិន គំរាមកំហែងដល់ផលប្រយោជន៍ និងសន្តិសុខរបស់លោកខាងលិច

0

ដោយៈ សុខុម

អន្តរជាតិ: អង្គការ NATO បានចុចឈ្មោះមហាយក្សចិន នៅក្នុងគោលនយោបាយអាទិភាព ជាយុទ្ធសាស្ត្រមួយរបស់ខ្លួន ជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយអះអាងថា មហិច្ឆតាដ៏ធំ និង”គោលនយោ​បាយបង្ខិតបង្ខំ” របស់ក្រុងប៉េកាំង បានគំរាមកំហែងដល់ “ផលប្រ​យោ​ជន៍ សន្តិសុខ និងគុណតម្លៃ” របស់ប្លុកលោកខាងលិច។

ផែនការថ្មី ឬគោលគំនិតយុទ្ធសាស្ត្រ (Strategic Concept) របស់អង្គការបក្សសម្ព័ន្ធយោធា NATO ដែលដាក់ចេញនូវគោលនយោបាយអាទិភាពរបស់ខ្លួន សម្រាប់ទសវត្សរ៍ក្រោយនេះ ត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូលក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ។

ខ្លឹមសារនៅឯកសារនេះ បានប្រើពាក្យពេចន៍ធ្ងន់ៗបំផុត បាញ់ឆ្ពោះទៅរកប្រទេសរុស្ស៊ី ដែលខ្លួនចាត់ទុកថាជា “ការគំរាមកំហែងដ៏ធំ និងដោយផ្ទាល់បំផុត” ចំពោះសន្តិភាព និងសន្តិសុខរបស់សម្ព័ន្ធមិត្ត ប៉ុន្តែនៅក្នុងនោះក៏បានបញ្ជាក់ដែរថា “មហិច្ឆតាយោធារបស់ក្រុងប៉េកាំង ការបញ្ចេញវោហាសាស្ត្រ ប្រឈមមុខដាក់កោះតៃវ៉ាន់ និងទំនាក់ទំនងកាន់តែស្អិតរមួតរបស់ក្រុងប៉េកាំង ជាមួយក្រុងមូស្គូ បានបង្កជា “បញ្ហាប្រឈមជាប្រព័ន្ធ”។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ប្រទេសចិន កំពុងកសាងកងកម្លាំងយោធារបស់ខ្លួនយ៉ាងធំសម្បើម រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ដោយសម្លុត គំរាមកំហែងបណ្ដាប្រទេសជិតខាង។ គំរាមកំហែងកោះតៃវ៉ាន់ ឃ្លាំមើល តាមដាន និងគ្រប់គ្រងពលរដ្ឋរបស់ខ្លួន តាមរយៈបច្ចេកវិទ្យាជឿនលឿន និងជួយពង្រីកការកុហកភូតភរ និងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី”។

លោកបានបន្ថែមថា “ប្រទេសចិន មិនមែនជាសត្រូវរបស់យើងទេ ប៉ុន្តែយើងត្រូវតែសម្លឹងមើលឱ្យច្បាស់ នូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលប្រទេសនេះបង្ហាញចេញមក”។

ជាការឆ្លើយតប ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ថា ខ្លួនប្រឆាំង “ដាច់ខាត” ចំពោះការប្រកាសរបស់អង្គការ NATO ដោយចាត់ទុកការប្រកាសនេះថា ជាការព្រមាន “ឥតប្រយោជន៍គ្មានបានការ”។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា “ឯកសារគោលគំនិតយុទ្ធសាស្ត្រថ្មីរបស់អង្គការ NATO មិនគោរពការពិត បំភាន់ “ស”ទៅជា “ខ្មៅ” ហើយបង្ខូចគោលនយោបាយ ការបរទេសរបស់ប្រទេសចិន”៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here