សម្ដេចតេជោអំពាវនាវឱ្យងាកមកប្រើប្រាស់យានយន្តអាគុយឬអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយនិងគ្រោះថ្នាក់ចរាចរណ៍

0

ដោយ៖ សុផារី

បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាជនងាកមកប្រើប្រាស់យានយន្តអគ្គិសនីជំនួសយានយន្តដែលប្រើប្រាស់ឥន្ទនៈវិញ ដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សម្តេចតេជោសុំការអភ័យទោសពីប្រជាពលរដ្ឋចំពោះតម្លៃប្រេងសាំងដែលបានឡើងថ្លៃដោយសារជាបញ្ហាសកល នាពេលនេះផងដែរ។

នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

វិបត្តិតម្លៃប្រេងឡើងថ្លៃបានកើតឡើងជាបន្តបន្ទាប់ក្រោយពីរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ហើយលោកខាងលិចដឹកនាំដោយអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើថាមពលពីរុស្ស៊ីដែលកាត់បន្ថយការនាំចេញ ហ្គាស និងប្រេងពីរុស្ស៊ីទៅកាន់ពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន ថា របៀបវារៈស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០៣០ ឬ២០៥០ របស់ពិភពលោកកំពុងក្លាយជាគ្មានន័យ ខណៈដែលអឺរ៉ុបកំពុងដើរថយក្រោយងាកទៅប្រើប្រាស់ធ្យូងថ្មឡើងវិញ ហើយនឹងអាចឈានដល់ការកាប់ឈើយកអុសប្រើឡើងវិញផងដែរដោយសារជម្លោះជាមួយរុស្ស៊ី។

សម្រាប់កម្ពុជាវិញជាមួយនឹងដំណើរទៅកាន់សេដ្ឋកិច្ចបៃតង សម្ដេចបានជំរុញដល់ពលរដ្ឋដែលមានលទ្ធភាពឱ្យប្រើប្រាស់ឡាន ដែលប្រើប្រាស់សាំងពាក់កណ្ដាលអាគុយ ឬអាគុយអគ្គិសនីសុទ្ធវិញដើម្បីកាត់បន្ថយការចំណាយច្រើនឥន្ទនៈ។

សម្ដេចថ្លែងថា “ខ្ញុំមើលឃើញផលប្រយោជន៍២យ៉ាង ទី១កាត់បន្ថយការចំណាយលើបញ្ហាសាំង ទី២កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារវាបើកអត់លឿនពេក។ អញ្ចឹងទេអ្នកដែលមានលុយកាក់អាចហ្នឹងបញ្ជាទិញអា Prius ឬក៏អាតេស្លាឡានអាគុយ។ ហើយគប្បីកន្លែងចាក់សាំងនានាគួរតែមានកន្លែងបញ្ចូលអាគុយ”។

តម្លៃប្រេងឥន្ទនៈដែលដាក់លក់នៅលើទីផ្សារកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា មានតម្លៃ ៥.៨០០រៀលសម្រាប់សាំងធម្មតា និង ៦.៣០០រៀល សម្រាប់ប្រេងម៉ាស៊ូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here