ដោយ៖ សុផារី
ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយសាំងធម្មតាលក់ក្នុងតម្លៃ៥.៨០០រៀល និងម៉ាស៊ូតលក់ក្នុងតម្លៃ៦.២០០រៀល។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៦.០៦៤រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៦.៤៦៤រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។
-->
ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ។

វិបត្តិតម្លៃប្រេងឡើងថ្លៃបានកើតឡើងជាបន្តបន្ទាប់ក្រោយពីរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ហើយលោកខាងលិចដឹកនាំដោយអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើថាមពលពីរុស្ស៊ីដែលកាត់បន្ថយការនាំចេញ ហ្គាស និងប្រេងពីរុស្ស៊ីទៅកាន់ពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានសុំការអភ័យទោសពីប្រជាពលរដ្ឋចំពោះតម្លៃប្រេងសាំងដែលបានឡើងថ្លៃ ដោយសារជាបញ្ហាសកលហើយនាពេលនេះ៕
