ភ្នំពេញ៖ នៅទីបំផុតស្ពាន និងផ្លូវរបស់លោកឧកញ៉ា លី យ៉ុងផាត់ នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ ដោយឥតគិតថ្លៃនឹងចាប់ផ្តើមពីថ្ងៃទី១៥ តុលាខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកទេសកម្ពុជា នាព្រឹកថ្ងៃទី៩តុលានេះថា ផ្លូវ និងស្ពាន លីយុងផាត់ (ស្ពានព្រែកព្នៅ) នឹងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ឆ្លងកាត់ដោយមិនចាំបាច់បង់ថ្លៃទៀតទេ ចាប់ពីម៉ោង០០ នាថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧ខាងមុខនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ទោះបីក្រុមហ៊ុនវិនិយោគលីយុងផាត់ ទើបតែទទួលផលទាញយកផលបានក្នុងរយៈពេល៧ឆ្នាំ ហើយនៅសល់រយៈពេល៣៣ឆ្នាំទៀត ប៉ុន្តែដោយពិនិត្យឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ រាជរដ្ឋាភិបាលក៏បានសម្រេចទិញយកស្ពានព្រែកព្នៅ ត្រឡប់មកវិញបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនចាំបាច់បង់ថ្លែទៀតនោះទេ។
សម្តេតេជោហ៊ុន សែមបានបន្តថា ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់បើខ្វះការយកចិត្តទុកដាក់ទៅលើការសាងសង់បន្ថែម ប៉ុន្តែបញ្ហាទាក់ទងនឹងការមិនជួសជុលនិងប្រើប្រាស់មិនបានត្រឹមត្រូវ ក៏នឹងបង្កើតនូវឧបសគ្គសម្រាប់វិស័យសេដ្ឋកិច្ច សង្គមផងដែរ។ ក្នុងន័យនេះ សូមស្ថាប័នពាក់ព័ន្ធ រួមគ្នាថែទាំជួសជុល ហើយប្រជាពលរដ្ឋអ្នកដឹកជញ្ជូនទាំងឡាយសូមប្រើប្រាស់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវ ៕
ដោយគង់ សូរិយា