រដ្ឋាភិបាលចិនពង្រីកឥទ្ឋិពលកាន់តែខ្លាំងនៅមីយ៉ាន់មា ជាមួយនឹងដំណើរ ទស្សនកិច្ចរបស់ប្រមុខកាទូតចិន

0

ដោយៈ សុខុម

អន្តរជាតិ: រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ក្រុងប៉េកាំង ដែលបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះ ផ្ទុះរដ្ឋប្រហារកាលពីឆ្នាំមុន ហើយបានសន្យាបន្តពង្រឹងទំនាក់ទំនង ជាមិត្តភាពជាមួយមីយ៉ាន់ម៉ា និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច។

លោក វ៉ាង យី បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin ថា “ប្រទេសចិន កោតសរសើរចំពោះគោលនយោបាយមិត្តភាពចិន ដ៏រឹងមាំរបស់មីយ៉ាន់ម៉ា គាំទ្រប្រជាជនមីយ៉ាន់ម៉ា ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ ស្របតាមស្ថានភាពជាតិរបស់ខ្លួន និងគាំទ្រមីយ៉ាន់ម៉ា ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងសេចក្តីថ្លៃថ្នូរជាតិនៅលើវេទិកាអន្តរជាតិ”។

រដ្ឋាភិបាលក្រុងប៉េកាំង បានស្វះស្វែងរឹតបន្តឹង ទំនាក់ទំនងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា ដោយមិនខ្វល់ពីស្ថានភាពរដ្ឋាភិបាល បច្ចុប្បន្នរបស់ប្រទេសនេះ ហើយតាមការរំពឹងទុកលោក វ៉ាង យី នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង -មេគង្គ (Lanchang-Mekong) ដែលដឹកនាំដោយរដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃច័ន្ទ ទី៤ ខែកក្កដា នេះ។

រដ្ឋាភិបាលនិរទេសខ្លួនរបស់មីយ៉ាន់ម៉ា បានរិះគន់ប្រទេសចិន ដែលដាក់បញ្ចូលរបបយោធា ទៅក្នុងកិច្ចសហប្រតិបត្តិការឡានឆាង -មេគង្គ ហើយបានរិះគន់ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ថានឹងជួយធ្វើឱ្យរបបយោធាស្របច្បាប់។

កន្លងមក រដ្ឋាភិបាលនរទេសខ្លួនរបស់មីយ៉ាន់ម៉ា បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង “ចាត់វិធានការណ៍ដើម្បីជួយស្តារឡើងវិញ នូវរដ្ឋាភិបាលស្របច្បាប់ ដែលត្រូវបានជ្រើសរើសដោយប្រជាជនមីយ៉ាន់ម៉ា”។

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ ពោលគឺមុនពេលលោក វ៉ាង យី បានធ្វើដំណើរទៅដល់ក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា ឧត្តមសេនីយ Zaw Min Tun អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរបបយោធាមីយ៉ាន់ម៉ា លើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី គឺជាការទទួលស្គាល់មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសចិនបានឱ្យដឹងថា លោក Wunna Maung Lwin បានប្រាប់លោក វ៉ាង យី ថា លោកសូមកោតសរសើរចំពោះ “ការជួយរបស់ប្រទេសចិន ដោយមិនគិតតែពីខ្លួនឯង ចំពោះការអភិវឌ្ឍជាតិរបស់ប្រទេសមីយ៉ាន់ម៉ា”៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here