ចក្រភព​អង់គ្លេស ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ចំនួន​បី​ដើម្បី​ចូលរួម​ជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក Chris Pook បានបង្ហាញ​ចំណាប់អារម្មណ៍​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាព និង​បច្ចេកវិទ្យា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង់គ្លេស និង​កម្ពុជា។

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក លោក Chris Pookបាន​ឲ្យ​ដឹងថា ចក្រភព​អង់គ្លេស​មានបំណង ផ្តល់នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោងសំខាន់ៗនៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការលើកកម្ពស់​សុខមាលភាព​សាធារណៈ និង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា។

មន្ត្រីជាន់ខ្ពស់​ចក្រភព​អង់គ្លេស​រូបនេះ​បាន​បន្ថែមទៀតថា ក្រៅពី​វិស័យ​អទិភាព​ខាងលើ អង់គ្លេស​ក៏មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​វ័យឆ្លាត (Smart City) នៅក្នុង​ប្រទេស​កម្ពុជា និង​នៅតាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ ហើយ​បច្ចុប្បន្ន មាន​វិនិយោគិន​អង់គ្លេស​ជាច្រើន កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ មកកាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវការ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ធនធានមនុស្ស ដើម្បី​គាំទ្រ​ការធ្វើ​ប្រតិបត្តិការ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ចេតនា​របស់​ចក្រភព​អង់គ្លេស និង​បាន​ពន្យល់​ដល់​លោក Chris Pook អំពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧ​ស្សហកម្ម និង​គោលនយោបាយ​គាំពារ​វិនិយោគ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការទាក់ទាញ​វិនិយោគិន ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​បែក​ចែក​កំណើន​ប្រកបដោយ​សមធម៌។

លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ចក្រភព​អង់គ្លេស ពិចារណា​ចូលរួម​ជាមួយ​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់ (Belt & Road) របស់​ប្រទេស​ចិន និង​ធ្វើ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ្វ​ភាគី (FTA) ជាមួយ​កម្ពុជា ដើម្បី​ធានាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ នៅ​ក្នុងនោះ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា បាន​កើនឡើង​ពី​ទឹកប្រាក់៧៥២លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០១៤ ដល់​ទឹកប្រាក់១,០១៤លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០១។ ទន្ទឹមគ្នានេះ​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​អង់គ្លេស (FDI) មក​កម្ពុជា​កាលពី​ឆ្នាំ២០១៧ មាន​ចំនួន៥៥លាន​ដុល្លារ ដែល​ធ្វើឱ្យ​អង់គ្លេស​ស្ថិត​នៅតែ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ចំនួន១០ដែល​បាន​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here