ក្រសួងសាធារណៈការបើកកិច្ចប្រជុំលើគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋឆ្នាំ២០២៣ ២០២៥

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជំនាញបានដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងឆ្នាំ២០២២ និងគម្រោងឆ្នាំមុនៗ ព្រមទាំងការងាររៀបចំបញ្ជី គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្នើសុំស្ថាបនា ស្តារ និងជួសជុលសម្រាប់ផែនការវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥។

កិច្ចប្រជុំដ៏សំខាន់នេះ ដឹកនាំដោយលោកហេង រត្ន ពិសិដ្ឋ អគ្គនាយកសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ គម្រោងឆ្នាំ២០២២ និងគម្រោងឆ្នាំមុនៗ ព្រមទាំងការងាររៀបចំបញ្ជី គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្នើសុំស្ថាបនា ស្តារ និងជួសជុល សម្រាប់ផែនការវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋក្រសួង និងមកពី២៥រាជធានី ខេត្ត។

អង្គប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារ របស់អង្គភាពអនុវត្តគម្រោង ដែលបានអនុវត្តក្នុងឆ្នាំ២០២២ ឥណទានថវិកាឆ្នាំ២០២២ ស្ថានភាពទូទាត់ថវិកាឆ្នាំ២០២២ និងស្ថានភាពទូទាត់ថវិកាឆ្នាំ២០២២ ប្រៀបធៀបនឹងឆ្នាំ២០២១កន្លងទៅ ជាពិសេសការងារអន្តរាគមន៍ជួសជុលបន្ទាន់ គម្រោងថែទាំខួប គម្រោងថែទាំប្រចាំ ការងារគាំទ្រ ការងារថែទាំ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ស្ពាន គម្រោងជួសជុលខួប ការងារអង្កេតនិងត្រួតពិនិត្យ ជាទៀងទាត់ស្ពានធំៗ ការត្រួតពិនិត្យវាយ តម្លៃផ្លូវជាតិ ការបង្កើតប្រព័ន្ធ គ្រប់គ្រងទិន្នន័យប្រព័ន្ធចម្រោះទឹកកខ្វក់ និងការគាំទ្រប្រតិបត្តិការគណៈកម្មាធិការការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកអគ្គនាយកហេង រ័ត្នពិសិដ្ឋ បានជំរុញលើកទឹកចិត្តឱ្យអង្គភាពអនុវត្ត គម្រោងទាំងអស់ស្វែងរកមធ្យោ​បាយ សហការគ្នាឱ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាបំពេញចំណុចខ្វះខាតក្នុង ការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា ប្រសិទ្ធភាព និងតម្លាភាព ដើម្បីធ្វើយ៉ាងឱ្យផ្លូវមានគុណភាពរឹង មាំ អាចប្រើប្រាស់បានយូរអង្វែងស្របតាមស្តង់ដារបច្ចេកទេស និងកាត់បន្ថយថវិកាជាតិក្នុងការជួលជុល ថែទាំតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here